ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសផ្ដល់បណ្ណក្រីក្រ ដល់ពលរដ្ឋរស់នៅ រុនតាឯក និងពាក់ស្នែង រយៈពេល ១០ឆ្នាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសផ្ដល់បណ្ណក្រីក្រ ជូនប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ក្នុងរយៈពេល ១០ឆ្នាំ ទោះបីពួកគាត់ផុតពីភាពក្រីក្រក៏ដោយ។ 

គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ សីហា រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ចំនួន ៩១៣៤គ្រួសារហើយ បានមកចាប់ឆ្នោតទៅរស់នៅ តំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន ៥៨៦៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ លំនៅឋាននៅតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងទទួលសំណងពីរាជរដ្ឋាភិបាល ទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទោះបីរយៈពេល ១០ឆ្នាំនេះ ប្រជាពលរដ្ឋបានឡើងផុតភាពក្រីក្រក៏ដោយ ក៏ប៉ុន្ដែរាជរដ្ឋាភិបាល នឹងទទួលប្រាក់ដដែល។ ការសន្យារបស់រដ្ឋាភិបាលមុន ត្រូវតែរដ្ឋាភិបាលក្រោយត្រូវបន្ដ ទោះបីជា ខ្ញុំ បន្ដ ឬអ្នកដទៃទៀតបន្ដក៏ដោយចុះ បើអ្នកឯងមិនបន្ដទេ អ្នកឯងនឹងទទួលប្រឈម ជាមួយនឹងការប្រឆាំងរបស់បងប្អូននៅ រុនតាឯក និងពាក់ស្នែង»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ដល់ប្រជាពលរដ្ឋ ទាំងអស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីជាកេរដំណែលមួយ សម្រាប់គ្រួសារ និងអាចឱ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់តាមលទ្ធភាព។

សូមរំលឹកថា ដើម្បីការពារឱ្យបាននូវតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំសណ្តាប់ធ្នាប់ តំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតំបន់នោះរុះរើសំណង់ និងលំនៅឋានចាកចេញ។ រាជរដ្ឋាភិបាល បានផ្តល់សំណងជាដីទំហំប្រមាណ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯកចម្ងាយជាង ២០គីឡូម៉ែត្រពីក្រុងសៀមរាប ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទាំងអស់នោះ៕

To Top