ព័ត៌មានជាតិ

គ្មាន​ការ​រុះរើ​ ឬលុបចោលរដ្ឋបាល ឃុំព្រះដាក់ ស្រុកបន្ទាយស្រី​ ​ប៉ុន្តែ​មិន​អនុញ្ញាត​ ឱ្យ​សាងសង់​សំណង់ថ្មី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល មិនរុះរើផ្ទះប្រជាពលរដ្ឋ ឬ លុបចេញរដ្ឋបាលឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបឡើយ ពោលគឺ​នៅរក្សាទុកដដែល។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មានចំណុច២ ដែលប្រជាពលរដ្ឋត្រូវអនុវត្តន៍ រួមមាន៖ ទី១-មិនត្រូវសាងសង់សំណង់ ឬផ្ទះបន្ថែម និងទី២-អាជ្ញាធរ និងប្រជាជនសម្រួលគ្នា ដើម្បីទំលាក់ទឹកបញ្ចូលទៅក្នុងបារាយណ៍ ដើម្បីមានប្រភពទឹកជូនពលរដ្ឋ។

សម្ដេចតេជោ បញ្ជាក់ថា «យើងបញ្ជាក់ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅឃុំព្រះដាក់ រាជរដ្ឋាភិបាល មិនរុះរើ និងបងប្អូនចេញនោះទេ គឺភូមិនេះ ឃុំនេះ ស្ថិតនៅក្នុងរដ្ឋបាល យើងមិនលុបចេញពីរដ្ឋបាលមានស្រាប់នោះទេ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បន្ដថា សាលាស្រុកបន្ទាយស្រី ត្រូវរើពីទីតាំងចាស់ មកកាន់តំបន់រុនតាឯកវិញ។ ដោយឡែក សាលាស្រុកអង្គរធំ ត្រូវរើទៅកាន់ឃុំពាក់ស្នែងវិញ។ សម្តេច បញ្ជាក់ថា «យើងមិនឲ្យតែពលរដ្ឋរើចេញពី តំបន់អាជ្ញាធរអប្សរា ហើយទុករដ្ឋបាលរបស់ខ្លួននៅតំបន់អាជ្ញាធរអប្បរានោះឡើយ ត្រូវចេញទាំងអស់គ្នា»។

សូមរំលឹកថា ដើម្បីការពារឱ្យបាននូវតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំសណ្តាប់ធ្នាប់ តំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតំបន់រុះរើសំណង់ និងលំនៅឋានចាកចេញ។ រាជរដ្ឋាភិបាល បានផ្តល់សំណងជាដីទំហំប្រមាណ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯកចម្ងាយជាង ២០គីឡូម៉ែត្រពីក្រុងសៀមរាប ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ចាកចេញទាំងអស់នោះ៕

To Top