បច្ចេកវិទ្យា

វិធានការ បង្ការ ឧបាយកល បោកបញ្ឆោត លួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាព មានចលនា “Gift 74/100 Free Premium”

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការប្រើល្បិចលួច យកគណនី តេឡេក្រាម តាមរយៈ ការបោកបញ្ឆោត ដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់ បានបង្កើតតំណភ្ជាប់ក្លែងក្លាយ ដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសារ របស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅ បោកបញ្ឆោតអ្នកប្រើប្រាស់ ដើម្បីលួចយកគណនី ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីវិធីទប់ស្កាត់ អំពីឧបាយកលបោកបញ្ជោតនេះ តាមវិធានការបង្ការ ដូចខាងក្រោម៖
ឧបាយកលបោកបញ្ឆោត ការបោកបញ្ឆោតនេះ ធ្វើឡើងតាមរយៈការជូនដំណឹង ទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាព មានចលនា (Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មាន ទទួលបានគណនីប្រើប្រាស់ គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាម ចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មាន សំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម ។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។

វិធានការបង្ការ

-សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបន្លំ ក្រោមទម្រង់រូបភាពមានចលនា (Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” នៅក្នុងតេឡេក្រាម ដើម្បីបំពេញព័ត៌មាន ទទួលបានគណនី ប្រើប្រាស់គ្មានដែនកំណត់ ដែលតម្រូវឱ្យមានការចុច ទៅលើតំណភ្ជាប់ (Link) ។

-ធ្វើការត្រួតពិនិត្យរាល់រូបភាព មានចលនា (Gif) ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់ និងមិនត្រូវចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗ តាមការទាមទារ
-បើសិនជាលោកអ្នកបានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និង ចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី ។

សម្រាប់ព័ត៌មានបច្ចេកទេស ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែង យល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕

To Top