ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បន្តសំណេះសំណាល ពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បាននឹងកំពុងបន្តអញ្ជើញជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋប្រមាណ ៣ ២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។

តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាននិងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាចំនួន៣លើករួចមកហើយ។
៣លើកកន្លងទៅធ្វើឡើង ជាមួយពលរដ្ឋដែលត្រូវទៅរស់នៅ តំបន់អភិវឌ្ឍន៍រុនតាឯក។

លើកទី១) ថ្ងៃទី១៣ ខែកញ្ញា ២០២២ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។
លើកទី២) ថ្ងៃទី០១ ខែតុលា ២០២២ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ
លើកទី៣) ថ្ងៃសុក្រ ទី២១ ខែតុលា ២០២២ ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ៕

To Top