ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកការស្ម័គ្រចិត្ត ចាកចេញពីតំបន់អង្គរ គឺជាការសម្រេចចិត្ត ដ៏ឈ្លាសវៃ

ភ្នំពេញ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការស្ម័គ្រចិត្ត រុះរើលំនៅឋាន មិនស្របច្បាប់ របស់ប្រជាពលរដ្ឋ ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចាកចេញពីតំបន់រមណីយដ្ឋានអង្គរ របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុត ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរ ឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង តទៅមុខទៀត។

សម្តេចតេជោបានថ្លែងថា ថ្មីៗនេះ ព្រះបដិមារបស់កម្ពុជាជាច្រើនបានបង្ហាញខ្លួន ក្រោយពេលតំបន់រមណីយដ្ឋានអង្គរ ត្រូវបានរៀបចំ។

សូមរំលឹកថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាននិងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

To Top