ព័ត៌មានជាតិ

ក្រសួងពីរ អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមគាំទ្រក្រុមការងារអន្តរក្រសួង ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងជំរុញអនុវត្តន៍ការងារ អធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាប ការជួញដូរមនុស្សគ្រប់ទម្រង់ កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទតាមគោលការណ៍របស់រាជរដ្ឋាភិបាល វិធានការនានារបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងដោយយោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផ្អែកតាមស្ថានភាពជាក់ស្តែង ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួង ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ពិនិត្យ តាមដាន និងជំរុញការងារអធិការកិច្ច ហត្ថពលកម្មបរទេស។

ដើម្បីគណៈកម្មការអន្តរក្រសួងនេះអនុវត្តផែនការ អនុវត្តរបស់ខ្លួនទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមានប្រើប្រាស់ ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការពាក់ព័ន្ធ សូមផ្តល់ការគាំទ្រ និងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការ របស់ក្រុមការងារអន្តរក្រសួងនេះ ដើម្បីធានាដល់ការ អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

To Top