ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា រាជរដ្ឋាភិបាល មិនទាន់ក្ស័យធននោះទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសឆ្លើយតបក្រុមប្រឆាំងថា រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ក្ស័យធននោះទេ ក្រោយទទួលជំនួយនានាពីសប្បុរសជនដែលហៅថា «សិល្បៈ នៃការចែករំលែក»។

នាឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជននានា បានផ្ដល់ជា អង្ករ ឬ ថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ សម្ដេច ចាត់ទុកថា «នេះជាសិល្បៈ នៃការចែករំលែក»។

សម្ដេចតេជោ បញ្ជាក់ថា «ពិតមែនហើយពួកប្រឆាំងថា យើងគៀងគរ ទៅរកគេ ក៏ប៉ុន្ដែនេះជាទឹកចិត្ត ចំពោះអ្នករកស៊ីមានបាន ដើម្បីចែករំលែកទៅកាន់អ្នកក្រ ប៉ុន្ដែគេធ្វើទៅតាមរយៈរាជរដ្ឋាភិបាល។ ហើយក៏មានកន្លែងខ្លះ ព្រះសង្ឃ និងអ្នកមានលទ្ធភាពរបស់យើងធ្វើផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ព្រះសង្ឈគ្រប់ព្រះអង្គ និងជនរួមជាតិ ដែលបានចូលរួមជួយប្រជាពលរដ្ឋរបស់យើង ក្នុងគ្រាលំបាកនេះ»។

សម្ដេចតេជោ បន្ដថា «រាជរដ្ឋាភិបាល មិនទាន់សក្ស័យធននោះទេ ក៏ប៉ុន្ដែការចូលរួមដ៏មានតម្លៃនេះ គឺផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពដើម្បីចាត់ចែងកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋរបស់យើង»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាប់ផ្តើមបេសកកម្មការងារនៅខេត្តជុំវិញបឹងទន្លេសាប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ក្រោយបញ្ចប់ការងារនៅខេត្តសៀមរាបរយៈពេលពីរថ្ងៃ នៅថ្ងៃទី២២ ខែតុលា សម្តេចតេជោ បានបន្តដំណើរមកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងចែកស្រូវពូជជូនប្រជាកសិកររងគ្រោះដោយទឹកជំនន់។ សកម្មភាពនេះ ក៏បានធ្វើឡើងនៅថ្ងៃបន្តបន្ទាប់ទៀតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ ហើយនឹងបិទបញ្ចប់បេសកកម្មនេះនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែតុលា៕

To Top