នយោបាយ

សម្ដេចតេជោ៖ អ្នកកាន់អំណាចមុខដដែលៗ តែពួកប្រឆាំងក៏មុខដដែលដូចគ្នា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបវិញថា ពួកប្រឆាំងក៏មុខដដែលៗដូចគ្នាដែរ ក្រោយក្រុមប្រឆាំងតែងតែលើកឡើងថា អ្នកកាន់អំណាចមុខដដែល។

នាឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីពេលថ្មីៗនេះ។

សម្ដេចតេជោ បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់ នឹងបន្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាបន្តទៀត ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបានបម្រើ ការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

សម្ដេចតេជោ បញ្ជាក់ថា «ច្បាស់ណាស់ ពួកប្រឆាំង និងបក្សដទៃគេថាខ្ញុំ ដើរឃោសនាបោះឆ្នោត បើជាក់ស្ដែងប្រជាពលរដ្ឋ នៅកន្លែងហ្នឹងគេបោះឆ្នោតឱ្យមែន។ ខ្ញុំ គ្រាន់ប្រាប់បន្ថែមថា បើបោះហើយ បោះនៅឆ្នាំក្រោយទៀត អត់មានអីខុសទេ។ ពេលមានអាសន្នអន់ក្រ គេថា ឃើញមុខដដែលៗ អើ អាមុខដដែលៗហ្នឹង វាយក អង្ករ ស្រូវពូជ មកជួយប្រជាជន ឥឡូវធ្វើមិច បើមុខអ្នកឯងមិនដឹកនៅណាផង ដល់ពេលបោះឆ្នោត ចាប់ផ្ដើមរកសន្លឹកឆ្នោត។ គេថា អ្នកកាន់អំណាច មុខដដែលៗ ប៉ុន្ដែយើងមើលពួកប្រឆាំង មុខដដែលៗដូចគ្នា»។

សម្ដេចតេជោ បន្ដថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជារឿងដែលត្រឹមត្រូវណាស់ ព្រោះគណបក្សប្រជាជនកម្ពុជា តែងតែចុះទៅជួយប្រជាជនដោយផ្ទាល់ និងទាន់ពេលដែលប្រជាជនជួបការលំបាក។ សម្ដេចថា គណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលប្រជាជនម្តងណាឡើយ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ហើយបងប្អូនក៏បានឃើញហើយថា នៅពេលបងប្អូនបានបោះឆ្នោត ឱ្យគណបក្សប្រជាជន ហើយគណបក្សប្រជាជនមិនដែល ទៅណាចោលបងប្អូននោះទេ ពេលមានបញ្ហាបងប្អូន ជួបប្រទះជាក់ស្ដែងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២នេះ យើងនៅជាមួយគ្នាក្នុងគ្រាលំបាក ទាំងដំណាក់កាលមានគ្រោះទឹកជំនន់ផង មានបញ្ហាកូវីដ គឺយើងបោះស្រាយ»។

សម្ដេចតេជោ បន្ថែមថា អ្វីគួរឱ្យសោកស្ដាយនោះ ជំងឺកូវីដ-១៩ បានវាយប្រហារជុំវិញពិភពលោក រាប់ទាំងកម្ពុជា ហើយមានប្រជាពលរដ្ឋកម្ពុជាស្លាប់ជាង ៣ពាន់នាក់ផងដែរ។ ប៉ុន្ដែ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរួមគ្នា ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាទាំងនេះ តាមរយៈរាជរដ្ឋាភិបាល បានបង្ហាញច្បាស់ថា នេះជាទទួលខុសត្រូវខ្ពស់ ដោយមិនទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយខ្វះស្បៀងអាហារនោះទេ ៕

To Top