ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជំរុញការយកចិត្តទុកដាក់ខ្ពស់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ​តាមដងផ្លូវ

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់ លើការងាររៀបចំសណ្តាប់ធ្នាប់​សាធារណៈ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកកំពស់សោភ័ណភាព រាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។

ការជំរុញបែបនេះ ធ្វើឡើងឡើងក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានលើកឡើងថា ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរជូនប្រជាពលរដ្ឋ និងដើម្បីលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។

លោកឃួង ស្រេង បានបន្តថា កំណាត់ផ្លូវជាតិ មួយចំនួននៅជាយក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រចតលើទ្រូវផ្លូវ​រាប់រយគ្រឿង បណ្តាលអោយមានការកកស្ទះ ចរាចរនិងខូចផ្លូវថែមទៀត។ ការចតបែបអនាធិបតេយ្យនេះ មិនអាចទទួលយកបានទេ ក្នុងនាមអាជ្ញាធររាជធានី ជាអាណាព្យាបាលប្រជាពលរដ្ឋ ត្រូវតែដោះស្រាយ ដើម្បីសម្រួលចរាចរជូនប្រពលរដ្ឋ ។ បញ្ហានេះអាជ្ញាធរខណ្ឌនិងស្នងការរង ទទួលបន្ទុកត្រូវមានវិធានការដោះស្រាយ មិនអាចនៅបែបនេះទៀតទេ។

លោកឃួង ស្រេង បានបន្តថា បញ្ហាសណ្តាប់សាធារណៈនេះ ត្រូវតែម៉ឺងម៉ាត់ ដើម្បីបំរើផលប្រយោជន៍ ប្រជាជនភាគច្រើន មិនអាចអោយពួកគាត់រកស៊ី ដោយការរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ។

បន្ថែមពីនេះទៀត លោកឃួង ស្រេង បានស្នើអោយអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប៉ូលិសចរាចរណ៍និងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរណ៍ជាដើម៕

To Top