ព័ត៌មានជាតិ

ប្រធានាធិបតីអាមេរិក ​នឹង​មក​បំពេញ​ទស្សនកិច្ច​ នៅ​កម្ពុជា​ ក្នុង​ខែ​វិច្ឆិកា

ភ្នំពេញ៖ ឯកឧត្តម Joseph R. Biden, Jr., ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​ របស់​ឯកឧត្តមមក​កាន់ព្រះរាជាណាចក្រកម្ពុជា ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា។

យោងតាមសារព័ត៌មានកម្ពុជា AKP ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី ២៨ ខែតុលាថា ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងមករាជធានីភ្នំពេញនៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំចំនួនពីរ។

នៅកម្ពុជា ប្រភពដដែលបានចង្អុលបង្ហាញថា ឯកឧត្តម Joe Biden នឹងបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ីអាគ្នេយ៍ និងតំបន់កណ្តាលអាស៊ាន ដោយកសាងភាពជោគជ័យ នៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ជាប្រវត្តិសាស្ត្រ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ឯកឧត្តមប្រធានាធិបតីនឹងបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងសុខុមាលភាពនៃ ប្រជាជនរួមមួយពាន់លាននាក់របស់ពួកគេ។

ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ដល់១៣ ខែវិច្ឆិកា៕

To Top