ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាស​ថា​ លោក ចូ បៃដិន នឹងមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងអាស៊ីបូព៌ា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងអាស៊ីបូព៌ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលឆាប់ៗខាងមុខនេះ។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ បន្ទាប់មកទៀត លោក ចូ បៃដិន នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី១៣-១៦ វិច្ឆិកា។

នាឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៦ពាន់គ្រួសារ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្ថែមថា លោក ចូ បៃដិន នឹងបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួន មកកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC ផងដែរ។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ សូមជម្រាបជូនដែរថា កន្លងទៅ ខ្ញុំមិនទាន់និយាយ ដោយសារភាគីសហរដ្ឋអាមេរិក ក៏មិនទាន់បានបញ្ជាក់ យើងដឹងភាគីអាមេរិក បានផ្ដល់ព័ត៌មានមកយើងប៉ុន្ដែ ខ្ញុំមិនទាន់បានប្រកាសទេ ដោយសារតែរក្សាទុកឱ្យខាង សេតវិមាន ពីទីក្រុងវ៉ាស៊ីនតោន ប្រកាសវិញ។ ឥឡូវច្បាស់លាស់ហើយថា ប្រធានាធិបតីអាមេរិកសហរដ្ឋអាមេរិក ចូ បៃដិន នឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមប្រជុំអាស៊ាន -អាមេរិក និងអាស៊ីបូព៌ា នៅទីក្រុងភ្នំពេញ»។

សម្ដេចតេជោ បន្ដថា កម្ពុជា នឹងមានកិច្ចការងារយ៉ាងច្រើនដូច្នេះ សម្ដេច សូមបញ្ចប់ចែកស្រូវពូជជូនប្រជាពលរដ្ឋ ត្រឹមខេត្តព្រៃវែង ហើយខេត្តដទៃទៀតទុកឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ និងផ្នែកពាក់ព័ន្ធ ដើម្បីបន្ដចែកស្រូវពូជ ជូនប្រជាពលរដ្ឋផងដែរ។

សម្ដេចតេជោ បន្ថែមថា សម្ដេច នឹងមានកិច្ចការងារយ៉ាងច្រើនជាមួយកិច្ចការងារបរទេសព្រោះថា នាពេលខាងមុខនេះ កម្ពុជានឹងកិច្ចប្រជុំជាច្រើន ដោយសារមិត្តភត្តិបរទេសក៏មានចំនួនច្រើនផងដែរ។ លើសពីនេះទៀត សម្ដេចតេជោ ក៏បានប្រកាសកំណត់ពេលវេលា ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីអ៊ុនក្រែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ជួបប្រធានាធិបតីអ៊ុនក្រែន នៅថ្ងៃទី១ វិច្ឆិកា នៅម៉ោង ៤រសៀល ម៉ោងនៅភ្នំពេញ និងម៉ោង១១ ថ្ងៃទី១ វិច្ឆិកា នៅឯទីក្រុងគៀវ ចឹងយើងមានកិច្ចសន្ទនាជាមួយ ប្រធានាអធិបតីអ៊ុនក្រែន»។

នាឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា សម្ដេច កំពុងរងចាំ លោក ពូ ទីន ប្រធានាធិបតីរុស្ស៉ី តើប្រធានាធិបតី ពូ ទីន អញ្ជើញមកកាន់កម្ពុជាឬអត់? ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងអាស៊ីបូព៌ា។ សម្ដេច ថា ឆ្នាំ២០២២នេះ គ្រប់ក្រសួង-ស្ថាប័ន បានធ្វើកិច្ចការងារច្រើនជាមួយកិច្ចការងារក្នុងប្រទេសផង និងការងារបរទេសផង ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២៕

To Top