ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយកូរ៉េខាងត្បូង ក្នុងឧបទ្ទវហេតុ សោកនាដកម្មរត់ជាន់គ្នា

ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ ចំពោះឧបទ្ទវហេតុសោកនាដកម្មនៃការរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង នៅក្នុងខណ្ឌអ៉ីថេវ៉ុន ក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែខែតុលា​ ឆ្នាំ២០២២។ 

យោងតាមសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញេីជូនប្រធានាធិបតីកូរ៉េខាងត្បូង​ នាថ្ងៃទី៣០​ តុលា​ នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ»។

សូមរំលឹកថា​ កាលពីយប់ថ្ងៃទី២៩​ តុលា​ ប្រជាជនពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសយុវវ័យប្រមាណជា ១០ម៉ឺននាក់ កំពុងដើរលេងកម្សាន្តពេលរាត្រី នៃទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ក៏បានកើតមានហេតុការណ៍រត់ជាន់គ្នានេះកើតឡើង។ ការជួបជុំដើម្បីអបអរសាទរពិធីបុណ្យ Halloween ទើបនឹងត្រូវបានបើកឱ្យមានការជួបជុំឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩៕

To Top