ស្វាយរៀង: ស្ថិតក្រោមដំបូលនៃសុខសន្តិភាព និងបរិយាកាសសប្បាយរីករាយនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋដើរលេងកម្សាន្តបចំនួនប្រមាណ៤៤៥០០០នាក់។
ក្នុងព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀងនេះមានការចូលរួមពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង, លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ,លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក លោកស្រីអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀងព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុមការងារចុះជួយខេត្តស្វាយរៀង មន្ត្រីរាជការជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបានឱកាសការងារយ៉ាងច្រើនកន្លែងនៅទូទាំងប្រទេស។


លោកស្រីបានបន្តទៀតថា ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់លោកនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ គណៈអភិបាលខេត្ត លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើយ៕
