ព័ត៌មានជាតិ

ត្រីមាសទី៣ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាង ៤,៧ពាន់លានដុល្លារ ពីអតិថិជន ២,៦លាននាក់

ភ្នំពេញ​៖ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើជាង ៤,៧ពាន់លានដុល្លារ ពីអតិថិជនប្រមាណជា ២,៦លាននាក់ ហើយរំពឹងថា ចំនួនប្រាក់បញ្ញើនេះ នឹងបន្តកើនឡើងជាលំដាប់។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ទិវាសន្សំអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្សំតិចប្រសើរជាងមិនបានសន្សំ» ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក សុខ វឿន បានឱ្យដឹងថា សមាគម មានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួល បាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ហើយសមាគមតែងតែបាន លើកទឹកចិត្តដល់សមាជិក របស់ខ្លួនទាំងអស់ ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាការសន្សំប្រាក់ ក្នុងចំណោមអតិថិជន និងសាធារណៈជនផងដែរ។

លោក បានបញ្ជាក់ថា «គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំង៥ បានទទួលប្រាក់បញ្ញើសរុបចំនួនជាង ៤,៧ពាន់លានដុល្លារអាមេរិក ពីអតិថិជនប្រមាណ ២,៦លាននាក់ ហើយយើងរំពឹងថា ចំនួនប្រាក់បញ្ញើនេះ ក៏នឹងបន្តកើនឡើងជាលំដាប់ តាមរយៈសេវាកម្មដែលមានភាពច្នៃប្រឌិត និងងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់»។

លោក ប្រធានក្រុមប្រឹក្សាភិបាល ក៏បានអំពាវនាវដល់សាធារណៈជនទូទៅ ឱ្យបន្តនិងបង្កើនអនុវត្តនូវ ទម្លាប់ក្នុងការសន្សំ ជាពិសេសគឺការសន្សំជាមួយ ស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា ក៏ដូចជា ចៀសវាងនូវហានិភ័យផងដែរ។

ដោយឡែក លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ជាការពិតណាស់ ការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។ លោក បានលើកទឹកចិត្តដល់សាធារណជន គ្រប់រូបឱ្យធ្វើការសន្សំប្រាក់ ជាពិសេស ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផ្លូវការ។ ទោះបីតិច ឬច្រើនក្ដី ការប្រាក់សន្សំមានអត្ថប្រយោជន៍ ពិសេសមួយទៀត បន្ថែមពីលើអត្ថប្រយោជន៍ទាំង ៥ចំណុច គឺជាតួនាទីជាទុនបម្រុងយ៉ាងសំខាន់ សម្រាប់ករណីតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដែលមិនអាចរំពឹងទុកជាមុនបាន ដូចជា៖ សម្រាប់ព្យាបាលជំងឺ ទប់ទល់ការបាត់បង់ចំណូល ដោយសារវិបត្តិធម្មជាតិ និងគ្រោះអាសន្នផ្សេងៗ។

លើសពីនេះ លោកឧបការីទេសាភិបាល បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តពង្រឹងប្រតិបត្តិការ និងពង្រីកវិសាលភាពនៃការផ្ដល់សេវាកម្មថ្មីៗ ស្របតាមតម្រូវការ ប្រកបដោយប្រសិទ្ធភាព និងទំនួល-ខុសត្រូវខ្ពស់ ដើម្បីទទួលបានទំនុកចិត្ត ពីសាធារណជនបន្ថែមទៀត។

តាមរយៈទិវាសន្សំអាស៊ាននាពេលនេះ លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋ ងាកមកប្រើប្រាស់សេវាសន្សំ នៅតាមគ្រឹះស្ថានធនាគារផ្លូវការ ទោះជាច្រើនក្តីតិចក្តី សន្សំតិចប្រសើរជាងមិនបានសន្សំ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចជា៖ អត្រាការប្រាក់ប្រគួតប្រជែង សុវត្ថិភាព និងមានការពារពីហានិភ័យផ្សេងៗ ជាពិសេសគឺអាចយកប្រាក់សន្សំនេះ ទៅធ្វើជាទ្រព្យធានា និងមានគុណវុឌ្ឍិក្នុងការខ្ចីឥណទាន។

លោកបណ្ឌិត បន្ដថា ជាងនេះទៀត ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ ចូលរួមចំណែក្នុងការដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយគ្រឹះស្ថានធនាគារ នឹងចាត់ចែងប្រាក់សន្សំនេះ ដើម្បីបន្តផ្តល់ជាទុនជូនប្រជាជនកម្ពុជា ដែលមានតម្រូវការចាប់ផ្តើម និងពង្រីកមុខរបរអាជីវកម្ម ដែលនាំឲ្យមានតម្រូវការធនធានមនុស្ស បន្តចូលរួមចំណែកផ្តល់ ការងារជូនប្រជាជនកម្ពុជា កាត់បន្ថយអត្រាអត់ការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដែលជាការចូលរួមចំណែកដល់ការពង្រឹង និងការរីកលូតលាស់នៃ សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងឱ្យដឹងថា ការសន្សំប្រាក់ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការលើក កម្ពស់ជីវភាពគ្រួសារ ជាពិសេស ការបំពេញតម្រូវការចាំបាច់ និងស្ថានភាពបន្ទាន់នានា នៅពេលអនាគត ៕

To Top