ព័ត៌មានជាតិ

បទវិភាគ៖ ប្រទេសចិន ដែលមានភាពបើកទូលាយ នឹងនាំមកនូវឱកាសកាន់តែច្រើន ដល់ប្រទេសអាស៊ាន

ថ្ងៃទី២៧ ខែតុលា ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន បានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់ របស់កម្ពុជាប្រភេទទីបី ដែលអាចនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កាមួយទៀត នៃកិច្ចសហប្រតិបតិ្តការលើ វិស័យកសិកម្មរវាងចិននិងកម្ពុជា ដែលនឹងនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ ។

ភាពបើកទូលាយ ជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់ របស់ប្រទេសចិននាពេលបច្ចុប្បន្ន ។ ភាពបើកទូលាយ ជាផ្លូវតែមួយគត់ឆ្ពោះទៅកាន់វិបុលភាព និងការអភិវឌ្ឍរបស់ប្រជាជាតិ ។ របាយការណ៍ការងារ របស់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដែលទើបបិទបញ្ចប់បានលើកឡើងថា ចាំបាច់ត្រូវអនុវត្តគំនិត អភិវឌ្ឍន៍បែបថ្មីដោយ គ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ប្រកាន់ខ្ជាប់ការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ ចំពោះបរទេស ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកការវិលជុំក្នុងស្រុក ជាតួអង្គសំខាន់និងការវិលជុំទាំងជាតិ និងអន្តរជាតិជំរុញគ្នាទៅវិញទៅមក។ ប្រទេសចិនបានបង្ហាញទៅកាន់ ពិភពលោកនូវជំនឿចិត្ត និងការប្តេជ្ញាចិត្តក្នុងការជំរុញ ការបើកទូលាយប្រកបដោយ កម្រិតខ្ពស់ចំពោះបរទេស យ៉ាងមុតមាំមិនងាករេ ក្នុងពេលជាមួយគ្នានេះក៏បានផ្តល់ ឱកាសអភិវឌ្ឍន៍ក្នុងទីផ្សារចិន ដ៏ទូលំទូលាយដល់បណ្តាប្រទេសនានា ។

ក្នុងរយៈពេលយូរ ចិននិងអាស៊ានបានប្រកាន់ខ្ជាប់ ការជំរុញការផ្តល់ផលប្រយោជន៍ ទៅវិញទៅមកនិងឈ្នះ-ឈ្នះ តាមរយៈកិច្ចសហប្រតិបតិ្តការ ប្រកបដោយភាពបើកទូលាយ ដែលបានជំរុញឱ្យទំនាក់ទំនង ទ្វេភាគីក្លាយជាគំរូដ៏ជោគជ័យបំផុត និងមានកម្លាំងរស់រវើកបំផុត ក្នុងកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ឆ្នាំ២០២២ ជាឆ្នាំទីមួយនៃការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងចិន និងអាស៊ាន ហើយក៏ជាឆ្នាំទីមួយនៃការ ចូលជាធរមានជាផ្លូវការ នៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP)ដែរ ។ ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ាន បានបន្តនិន្នាការកើនឡើងដ៏ល្អប្រសើរ ហើយបានបង្ហាញពីភាពធន់ដ៏ខ្លាំង និងសក្តានុពលដ៏ធំធេង ។

ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរវាងចិន និងអាស៊ាន មានចំនួន៤,៧ទ្រីលានប្រាក់យាន់ចិន កើនជាង១៥,៥ភាគរយ បើប្រធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សមាមាត្រក្នុងទំហំពាណិជ្ជកម្ម សរុបជាមួយបរទេសរបស់ ប្រទេសចិនត្រូវបានលើកកម្ពស់ដល់ ១៥,២ភាគរយ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេ របស់អាស៊ានក្នុងរយៈពេល ១៣ឆ្នាំជាប់ៗគ្នា ក្នុងនាមជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់ចិន ឋានៈរបស់អាស៊ានក៏ត្រូវបាន ពង្រឹងថែមមួយកម្រិតទៀត ។ ការប្រាស្រ័យទាក់ទងរវាងចិន និងអាស៊ាន មានភាពកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ក៏មានភាពកាន់តែស៊ីជម្រៅ ដែលបានផ្តល់កម្លាំងចលករ ដ៏សំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសកល ។

បច្ចុប្បន្ននេះ ចិននិងអាស៊ានមានទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតសិ្នទ្ធ ដែលជាដៃគូពាណិជ្ជកម្ម ធំជាងគេរវាងគ្នានិងគ្នា ហើយបានផ្តល់ការទ្រទ្រង់ ដល់គ្នាទៅវិញទៅមក ក្នុងការរួមគ្នាទប់ទល់នឹងស្ថានភាព ដែលកត្តាអវិជ្ជមាននៃសេដ្ឋកិច្ចសកល កាន់តែច្រើនឡើងៗ ។ ប្រឈមមុខនឹងភាពបម្រែបម្រួល ដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១រយឆ្នាំ ប្រឈមមុខនឹងបរិយាកាសខាងក្រៅ ដែលមានភាពកាន់តែស្មុគស្មាញ ប្រទេសអាស៊ានកាន់តែរំពឹងទុកថា នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយ ប្រទេសចិនតទៅទៀត ក្នុងន័យគាំពារសុវត្ថភាព និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជាបង្កើតទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ក្នុងតំបន់ដែលអាចផ្តល់ ផលប្រយោជន៍គ្នាទៅវិញទៅមក ថែមមួយកម្រិតទៀត ។

ប៉ុន្មានថ្ងៃខាងមុខនេះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលស្តីពី កិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ។ ពេលថ្មីៗកន្លងទៅនេះ សម្ភារៈជាច្រើន ជាជំនួយឥតសំណងរបស់ ប្រទេសចិនបានដឹកមកដល់ និងប្រគល់ឱ្យកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសរបស់កម្ពុជាដែលជាម្ចាស់ផ្ទះ ផ្លាស់វេនរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ រដ្ឋសមាជិកនៃអាស៊ាននានា នឹងទប់ទល់យ៉ាងសកម្មចំពោះ បម្រែបម្រួលនៃស្ថានការណ៍សកល ដើម្បីធានាតួនាទីជាស្នូល របស់អាស៊ានក្នុងតំបន់ ក៏ដូចជាពន្លឿនជំហានស្តារឡើងវិញ ក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩ ។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាស៊ាន កំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ សម្រាប់លើកកម្ពស់កម្រិតថ្នាក់ ការអភិវឌ្ឍបែបលោតផ្លោះ លើវិស័យនយោបាយ សន្តិសុខ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ ជាដើមក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ បានចាក់គ្រឹះដ៍រឹងមាំសម្រាប់ឱ្យ ទំនាក់ទំនងទ្វេភាគីលើកកម្ពស់កម្រិតថ្នាក់ ។ នៅពេលអនាគតចិននិងអាស៊ាន នឹងពឹងផ្អែកលើឧត្តមភាពរៀងៗខ្លួន បន្តធ្វើកិច្ចសហប្រតិបតិ្តការ កាន់តែស៊ីជម្រៅលើវិស័យ វិនិយោគទៅវិញទៅមក ហេដ្ឋារចនាសម័្ពន្ធ និងផលិតភាពអន្តរជាតិជាដើមតទៅទៀត ។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានប្រកបដោយភាពរស់រវើក នឹងជំរុញដោយមានប្រសិទ្ធភាព នូវដំណើរសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ព្រមនិងរួមចំណែកដល់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកផងដែរ ៕

To Top