នយោបាយ

នាយករដ្ឋមន្រ្តី អំពាវនាវពលរដ្ឋ គ្រប់និន្នាការនយោបាយ មិនទាន់ចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គ្រប់និន្នាការនយោបាយ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តន៍នូវសិទ្ធិជ្រើសរើសមេដឹកនាំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

សម្ដេចតេជោ បន្តថា បណ្ដាបក្សនយោបាយ ដែលចូលរួមបោះឆ្នោតក្ដី មិនចូលរួមបោះឆ្នោតក្ដី ហើយដែលមានសមាជិកសមាជិការបស់ខ្លួន អ្នកគាំទ្រខ្លួន គប្បីត្រូវជំរុញពួកគាត់ ឱ្យមកចុះឈ្មោះបោះឆ្នោត កុំឱ្យតែដល់ពេលថា «ខ្ញុំគាំទ្រគណបក្សនេះ ខ្ញុំអត់មានឈ្មោះបោះឆ្នោត»។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំអំពាវនាវសារជាថ្មីម្ដងទៀត ជាមួយនិងប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយ ឱ្យទៅចុះឈ្មោះបោះឆ្នោត ហើយក្នុងនោះ យុវជនដែលទើបដល់អាយុបោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត។ បើមិនដូច្នេះទេ គឺការអនុវត្តនូវសិទ្ធិមិនអាចធ្វើទៅរួចទេ។ មានតែអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតត្រឹមត្រូវតែប៉ុណ្ណោះ។ រឿងនេះគឺជារឿងដែលសូមអំពាវនាវ ឱ្យប្រជាពលរដ្ឋរបស់យើងចូលរួម»។

សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ដំណើរការប្រជាធិបតេយ្យមួយ ត្រូវធ្វើជាទៀងទាត់សម្រាប់ប្រទេសកម្ពុជា ហើយការចុះឈ្មោះបោះឆ្នោតលើកនេះ គឺបច្ចេកទេសកាន់តែទំនើបទៅៗ ដែលនឹងផ្ដល់ឱកាសងាយស្រួល សម្រាប់ប្រជាពលរដ្ឋខ្មែរ និងតម្លាភាព នៃការបោះឆ្នោត ផងដែរ។

យោងតាមលទ្ធផល បណ្ដោះអាសន្នរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅទូទាំងប្រទេសដូចជា ៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៤,០៧០នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោត ចំនួន ៧,០៥៧នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ ចំនួន ១,០៣៤នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី ចំនួន ៤,១៣៤នាក់៕

To Top