នយោបាយ

កម្ពុជា ស្វាគមន៍ការផ្ដល់ជំនួយហិរញ្ញវត្ថុ ពីបណ្ដាភាគីសមាជិក និងភាគីហត្ថលេខី នៃអាសិប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា សូមស្វាមគមន៍ ចំពោះការផ្ដល់ជំនួយហរិញ្ញវត្ថុពីបណ្ដាភាគីសមាជិក និងភាគីហត្ថលេខី នៃអាសិប សំដៅគាំទ្រ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តកិច្ចព្រមព្រៀងអាសិប។

នាឱកាសអញ្ជើញបើកវេទិកា ពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆាំ្ន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅ ស្ដីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព នៃការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងអាសិប សម្ដេច បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដូចជា៖  ភាគីសមាជិក និង ភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះ ឲ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមា។

សម្ដេចតេជោ បានលើកទឹកចិត្តឲ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់ នៃអាសិប ចាប់ផ្តើមពិភាក្សា លើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិក នៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់អាសិប នឹងអនុញ្ញាតឲ្យមានការស្នើសុំ ចូលជាសមាជិកជាបន្ត នៅក្នុងអំឡុងឆ្នាំក្រោយនេះ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កម្ពុជា សូមស្វាគមន៍ចំពោះការផ្ដល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និងភាគីហត្ថលេខីនៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវ ដល់សមាជិកទាំងអស់នៃអាស៊ាប ពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងបច្ចេកទេសនេះឲកយបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះ ឱ្យទៅជាយន្តការរួមមួយដែល គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន»។

សម្ដេចតេជោបន្ថែមថា ចំពោះវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់៕

To Top