ព័ត៌មានជាតិ

១ខែ នៃការបើកឱ្យប្រើប្រាស់ ដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានយានយន្តជិត ៤៤ម៉ឺនគ្រឿងធ្វើចរាចរណ៍

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល ១ខែ នៃការបើកឱ្យប្រើប្រាស់ សាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានទទួលយានយន្តជិត ៤៤ម៉ឺនគ្រឿង ធ្វើចរាចរណ៍ ។

តាមរយៈគេហទំព័រហ្វេសប៊ុក​នាថ្ងៃទី២ វិច្ឆិកា នេះ​ ក្រសួង បានសំណូមពរ ដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តី ណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរ លើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកប ទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ។

ក្រសួង បញ្ជាក់ថា «បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ដោយរាប់ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូល តាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់​ មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ ដែលបានកត់ត្រា)»។

ក្រសួង បន្ដថា ក្នុងចំណោមយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងពេលបើកឱ្យប្រើប្រាស់ សាកល្បងដោយឥតគិតថ្លៃមួយខែនេះ មានករណីប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ១២៩១ខ្សែ បានធ្វើការទាក់ទង ទៅកាន់លេខ ១៣៩៩ ដែលជាលេខទូរស័ព្ទសង្គ្រោះ របស់ក្រុមហ៊ុន ។

សូមជម្រាបជូនដែរថា ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅហើយ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែង នៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់អ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ខាងមុខ៕

To Top