ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំខេត្តកំពង់ចាម រៀបចំអាហារសាមគ្គីឲ្យកុមារកំព្រា ពិការ គថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយប្រតិភូអមដំណើរជាច្រើនរួបទៀត នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ បានអញ្ជើញសម្ពោធសមិទ្ធផល និងរៀបចំ អាហារសាមគ្គីសម្រាប់កុមារកំព្រា ពិការ គថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ។

លោក ខៀវ កាញារិទ្ធ បានមានប្រសាសន៍ សម្ដែងនូវការរីករាយ ដោយមើលឃើញសិស្ស និស្សិត នៃវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ជាច្រើននាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានផ្ដាំផ្ញើឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យអប់រំពិសេសនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះ ជំនាញ គឺអាចរកការងារធ្វើ និងរកប្រាក់បានដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់ដូច្នោះដែរ ពោលគឺ ពិការតែខ្លួនតែមិនពីការចិត្ត ហើយត្រូវថែរក្សាសុខភាពអោបានល្អ ជៀសផុតពីជំងឺផ្សេងៗ ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់អំណោយ ជូនកុមារកំព្រា ៦៣នាក់ ម្នាក់ ១ម៉ឺនរៀល សៀវភៅ ១ក្បាល ប៉ិចខៀវ ១ដើម និងខ្មៅដៃ ១ដើម និងជូនបុគ្គលិកមណ្ឌលកុមារកំព្រា ១២នាក់ ម្នាក់ ៥ម៉ឺនរៀល ។ ជូនមណ្ឌល កុមារកំព្រា កំពង់ចាម ១លានរៀល សៀវភៅ ១០០ក្បាល ប៉ិចខៀវ ១០០ដើម និងប៉ិចក្រហម ១០០ដើម និងផ្តល់ថវិកាជូនកុមារពិការភ្នែក និងគថ្លង់ ១៨០នាក់ ម្នាក់ ១ម៉ឺនរៀល សៀវភៅ ១ក្បាល ប៉ិចខៀវ ១ដើម និងខ្មៅដៃ ១ដើម និងផ្តល់ថវិកាជូន គ្រូ និងបុគ្គលិកសាលាអប់រំពិសេសកំពង់ចាម ៣៨នាក់ ម្នាក់ ៥ម៉ឺនរៀល និងជូនសាលាអប់រំពិសេសកំពង់ចាម ១លានរៀលសៀវភៅ ១០០ ក្បាល ប៉ិចខៀវ ១០០ដើម និងប៉ិចក្រហម ១០០ដើម ផងដែរ ។

ដោយឡែក លោករដ្ឋមន្ត្រីបានផ្ដល់ថវិកាជូនសិស្សកំពុងរៀននៅសាកលវិទ្យាល័យ ១៤នាក់ ម្នាក់ ២ម៉ឺនរៀល សៀវភៅ ១ ក្បាល ប៉ិច ២ដើម និងលោកស្រី ដួង រ៉ានី ចូលរួមសម្លៀកបំពាក់សិស្សប្រុស ១០កំប្លេ សិស្សស្រី ១០កំប្លេ និង លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ជួយឧបត្ថម្ភ នំក្មេង ១០កន្ត្រក និងលោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកាអគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា ស្ករគ្រាប់ milkita ចំនួន ២០ កញ្ចប់ ផងដែរ ៕

To Top