ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ UN ជូនពរកម្ពុជាឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន (Video)

ភ្នំពេញ៖ លោក Joseph Scheuer អ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងសារជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

ក្នុងជំនួបទទួលសារតាំងរបស់ លោក Joseph Scheuer ដែលត្រូវបានតែងតាំងដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Joseph Scheuer ដែលបានឆ្លើយតបដោយការ សម្តែងនូវចំណាប់អារម្មណ៍ថា «លោក មានអារម្មណ៍ថា លោកហាក់ដូចជា បានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញ» ដោយសំដៅដល់ការបំពេញ បេសកកម្មកាលពីមុនៗរបស់លោក ជាមួយទីភ្ញាក់ងាររបស់ អង្គការសហប្រជាជាតិ ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបប្រកបដោយ ផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងឱកាសនៃមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោក Joseph Scheuer បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងការរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់លោកអគ្គលេខាធិការ នាពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី និងអ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីសារសំខាន់នៃ ជំនួបជាថ្មីម្ដងទៀតរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលឆាប់ៗនេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Joseph Scheuer បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដោយភាគីទាំងពីរបានទន្ទឹង ដល់ការបន្តកិច្ចសន្ទនាប្រចាំឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការ សហប្រជាជាតិទាំងអស់នៅកម្ពុជា ដែលបានអាក់ខានដោយ សារជំងឺរាតត្បាតកន្លងមក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលចំបងៗ ដែលសម្រេចបាននៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្វីត្បិតមានបញ្ហាប្រឈម និងបញ្ហាក្នុងតំបន់ និងអន្តរជាតិក្តៅៗមួយចំនួនក្តី។

លោក ក៏បានជម្រាបជូនផងដែរ អំពីការត្រៀមរៀបចំរបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ លោក Joseph Scheuer បានជូនពរកម្ពុជាឲ្យទទួលបាន ជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលទាំងនេះ។

សូមរំលឹកថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ ៕

To Top