ព័ត៌មានជាតិ

អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាផ្លូវការ

ភ្នំពេញ៖ លោក អុីមរ៉ន ហាស្សាន់ ត្រូវ​បាន​ប្រកាស​ចូលកាន់​មុខ​តំណែង​ជាអភិបាលរងរាជធានីភ្នំពេញ​នៅរសៀលថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២២នេះ ។

ពិធីនេះប្រកាសចូលកាន់តំណែងនាពេលនេះធ្វើឡើង ក្រោមអធិបតីភាព លោកឡេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំលោក អុីមរ៉ន ហាស្សាន់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញការងារ សហការឲ្យបានល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារ ដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

តាមការបញ្ជាក់របស់លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង៣រូបនោះ យើងបានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំងនៅពេលនេះ។

បន្ថែមពីនេះទៀត លោក ឡេង វី បានធ្វើការណែនាំរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាព ប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហា ដែលនៅសេសសល់នៅក្នុងសង្គម និបស្នើឲ្យអាជ្ញាធរ គ្រប់គ្រងសំណង់ ឲ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើ នៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជម្រុញដល់ក្រុមហ៊ុន ប្រមូលសំរាម ឲ្យទាន់ពេលវេលា។

គួរបញ្ជាក់ថា គណៈអភិបាលរាជធានីភ្នំពេញ មកដល់នេះមានចំនួន១១រូបហើយ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរងចំនួន១០នាក់ទៀតរួមមាន៖ លោក កើត ឆែ ,លោក មាន ចាន់យ៉ាដា, លោកហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ, លោកនួន ផារ័ត្ន, លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី និងលោក អុីមរ៉ន ហាស្សាន់៕

To Top