ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ពិរុទ្ធជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការអារក សម្លាប់យុវជនម្នាក់ ដោយសារតែ ជម្លោះស្នេហាត្រីកោណ

ភ្នំពេញ: បុរសជាពិរុទ្ធជនម្នាក់ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូលកាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់គាត់ ជាប់ពាក់ព័ន្ធនឹងការអារក សម្លាប់ យុវជនរងគ្រោះម្នាក់ ដែលត្រូវជាមិត្តភ័ក្តិ ដោយសារតែខឹងជនរងគ្រោះ មានទំទាក់ទំនង ស្នេហា ជាមួយនឹងប្រពន្ធរបស់ខ្លួន និង តែងតែនិយាយឌឺដង ដាក់ខ្លួន អំពីទំនាក់ទំនងស្នេហាពួកគេ ចំពោះមុខខ្លួនទៀតផង ប្រព្រឹត្ត នៅក្នុងដីឡូដ៍ មួយកន្លែង ស្ថិតនៅ ជិតការរដ្ឋានសាងសង់បុរីផ្ទះល្វែង នៅក្នុងភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី ឆ្នាំ ២០១៨ ។

លោក និល នុណ  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា: ជនជាប់ចោទ រូបនេះ មាន ឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ អែន សុជាតិ ហៅវិត ភេទ ប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិព្រៃរំដួល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ អាន សុភាព ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០១៩ កាត់
ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ពីបទ«  ឃាតកម្ម »  តាមបញ្ញត្តិមាត្រា ១៩៩   នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

គាត់ប្តឹងឧទ្ធរណ៍ តែ តុលាការឧទ្ធរណ៍ បានតម្កល់ទោសគាត់ដដែល។ គាត់ ក៏បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ ឈ្មោះ អាន សុភាព ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់: នាពេលសវនាការ ជនជាប់ចោទ បានសំណូមពរ ដល់តុលាកំពូល មេត្តា ជួយ បន្ធូរបន្ថយទោស ដល់គាត់ខ្លះផង។

ចំពោះ សំណុំរឿងក្តីនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ៕

ដោយ: លីហ្សា

To Top