ព័ត៌មានជាតិ

អ្នកនៅភ្នំពេញគួរអាន សេចក្តីជូនដំណឹងនេះ​! ចាប់ពីថ្ងៃទី១០​វិច្ឆិកា​ទៅ​ ផ្លូវប៉ុន្មានខ្សែនេះ ត្រូវបានផ្អាកចរាចរទាំងស្រុង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយឲ្យសាធារណជនជ្រាបអំពី ការបញ្ចៀសចរាចរណ៍យាន្តយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ។

យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀប កិច្ចប្រជុំជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះ នឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាពេលខាងមុខ ។

ក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា ដើម្បីឲ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព​ សណ្ឋាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយាន្តយន្តគ្រប់ប្រភេទ នៅតាមបណ្តោយវិថីសំខាន់ៗមួយចំនួន ក្នុងអំឡុងពេលគណៈប្រិភូជាន់ខ្ពស់ជាតិ​ និងអន្តជាតិ ធ្វើដំណើរឆ្លងកាត់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តាមកាលបរិច្ឆេទខាងលើនេះ តាមតម្រាយផ្លូវដូចខាងក្រោម៖

១ ចំពោះយាន្តយន្តដែល ធ្វើដំណើរចូលរាជធានីភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅឆ្ពោះទៅមហាវិថីចោមចៅ ។

២ ចំពោះយាន្តយន្តដែលធ្វើដំណើរចេញ ចូលមហាវិថីព្រះនរោត្តម ត្រូវង្វែរទិសចរាចរណ៍តាមផ្លូវលេខ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ ។

៣ ចំពោះយានយន្តដែលធ្វើដំណើរចេញ ចូលមហាវិថីមុនីវង្ស ត្រូវបង្វែរទិសចរាចរណ៍ ត្រង់ចំណុចចម្រុះជជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងត្រង់រង្វង់មូលកួចកាណុង ត្រូវបង្វែរទៅវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ។

៤ ចំពោះយានយន្តដែលធ្វើដំណើរ ចូលរាធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសចរាចរណ៍តាមមហាវិថីឈ្នះឈ្នះ ។ ករណីយានយន្តស្ថិតនៅ ក្នុងតំបន់ជ្រោយចង្វារ ត្រូវបង្វែរទិសចរាចរណ៍តាមរង្វង់មូលនាងទេពមច្ឆា ឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ ។

៥ ចំពោះយានយន្តដែល ធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់មូលកួចកាណុង ត្រូវបង្វែរទិសចរាចរណ៍ ចូលតាមមហាវិថីស៊ីធីសេនធ័រ (ផ្លូវលេខ១៦៩តំបន់បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ៥៩៨ ។

៦ ចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតិឲ្យចរាចរណ៍តាមដងទន្លេសាប និងទន្លេមេគង្គលើ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២២ ។

៧ ចំពោះកំពង់ចម្លងសុាមករាជធានីភ្នំពេញ ត្រូវផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ ។ ដោយឡែកចំពោះកំពង់ម្លងអរិយក្សត្រ អនុញ្ញាតឲ្យដំណើរការធម្មតា តែទីតាំងកំពង់ចម្លងផ្នែកខាងលិចត្រូវប្តូរទៅចត និងឡើងនៅកំពង់ចម្លងខាងកោះពេជ្រវិញ ។

៨ ហាមដាច់ខាងការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតាមផ្លូវហោះហើរ របស់យន្តហោះ៕

To Top