កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាព បាក់ស្រុតច្រាំង ទន្លេមេគង្គ និងវឌ្ឍនភាព នៃការទប់ច្រាំង ដោយប្រើបាវខ្សាច់ខ្នាតយក្ស ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។

អភិបាលស្រុកស្ទឹងត្រង់ លោក ទុន់ ណេត បានឲ្យដឹងថា នៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មានប្រវែងបណ្ដោយ ៦០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ការបាក់ស្រុតច្រាំងទន្លេ នៅក្នុងឃុំពាមកោះស្នា ទាំងចាស់ ទាំងថ្មី ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ចែងឲ្យក្រុមការងារបច្ចេកទេស ធ្វើការច្រកខ្សាច់ដាក់ខ្នាតយក្ស ទប់សង្គ្រោះជាបន្ទាន់ផងដែរ ។

សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃដដែលនេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាព នៃការទប់ច្រាំង នៅព្រែកកៀនជ្រៃ ស្ថិតក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ផងដែរ ៕

