ព័ត៌មានជាតិ

ថ្ងៃទី២ នៃពិធីបុណ្យអុំទូក ភូមិព្រៃស្នួល ទទួលភ្ញៀវទ្វេដង ខណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួម

ភ្នំពេញ៖ នៅថ្ងៃទី២ នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត សំពះព្រះខែ ភូមិព្រៃស្នួល ទទួលបានភ្ញៀវ ចូលរួមលេងកម្សាន្ដ ប្រមាណជា ២ពាន់នាក់ ខណៈ វត្តមាន លោក អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចូលរួម ជាអធិបតីភាពក្នុងពិធីនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព លោក អ៊ូច ភា អភិបាលខេត្តតាកែវ បាននាំយកនូវសម្ភារៈ រួមមានអាវយឺតនិងមួក ចំនួន១២០កំភ្លេរ ព្រមទាំងថវិកា ចំនួន២លានរៀល សម្រាប់ឧបត្ថម ក្នុងពិធីបុណ្យអុំទូក ភូមិព្រៃស្នួល។

ជំនួសមុខឱ្យ អ្នកភូមិព្រៃស្នួល លោក សយ សុភាព បានថ្លែងអំណរគុណ ដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ អាជ្ញាធរស្រុកសំរោង ដែលមានលោក កេត ម៉ៅ ជាអភិបាលស្រុក រួមទាំងមន្រ្តីឃុំរវៀង និងកម្លាំងអាវុធហត្ថ ប៉ូលីស ប្រជាការពារ ព្រមទាំងអ្នកឧបត្ថម្ភ ទាំងអស់ ដែលបានចូលរួម ញាំងកម្មពិធីបុណ្យអុំទូកភូមិព្រៃស្នួល នាឆ្នាំនេះ ឱ្យមានភាព សប្បាយរីករាយ អធិកអធ័ម និងឈានឆ្ពោះទៅរកឆ្នាំបន្តបន្ទាប់។

សូមបញ្ជាក់ថា ភូមិព្រៃស្នួល បានរៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី២ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម៕

To Top