ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ៖ ទោះបីស្ថានភាពមានការវិវត្ត ប្រកបដោយគ្រោះថ្នាក់ ក៏ពុំមានកម្លាំងណាអាចបំបែកបំបាក់សាមគ្គីភាពរវាង កម្ពុជា-វៀតណាម បានឡើយ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងថា ទោះបីស្ថានភាពតំបន់ និងអន្តរជាតិ មានការវិវត្តប្រែប្រួលឆាប់រហ័ស ប្រកបដោយគ្រោះថ្នាក់ក៏ដោយ ក៏ពុំមានកម្លាំងណាអាចបំបែកបំបាក់សាមគ្គីភាពមិត្តភាពរវាង ប្រទេសទាំងពីរបានឡើយ ទាំងពេលបច្ចុប្បន្ន និងអនាគត។

នាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ផាម មិញជីញ (Pham Minh Chin) នាយករដ្ឋមន្រ្តី វៀតណាម នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ប្រធានព្រឹទ្ធសភា បានអះអាងជាថ្មីថា «ទោះបីស្ថានភាពតំបន់ និងអន្តរជាតិមានការវិវត្ត ប្រែ-ប្រួលឆាប់រហ័សស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ក៏ដោយ ក៏ពុំមានកម្លាំងណាអាចបំបែកបំបាក់សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរបានឡើយ ទាំងពេលបច្ចុប្បន្ន និងពេលអនាគតយូរអង្វែង។ កម្ពុជាប្រកាន់ខ្ជាប់ខ្ជួនឥតងាករេចាត់ទុកវៀតណាមជា អ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ និងដៃគូល្អ»។

សម្តេច ក៏មានជំនឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀត-ណាម រដ្ឋាភិបាល និងសភាវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ «ក្លាយទៅជាប្រទេសអភិវឌ្ឍន៍មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥»។

ក្នុងឱកាសនោះ លោក ផាម មិញជីញ បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនងមួយដែលគ្មានកម្លាំងអមិត្តណាមួយមកបំបែកបំបាក់បានឡើយ។ ជាមួយគ្នានេះ លោក បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា ដែល ប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅយ៉ាងល្អប្រសើរ៕

To Top