ព័ត៌មានជាតិ

សម្ដេច​តេជោ ​អំពាវនាវវិនិយោគិនវៀតណាម មកសិក្សាពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា។

ក្នុងវេទិការជំរុញការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់វិនិយោគិនបរទេសទាំងអស់ ជាពិសេស វិនិយោគិនវៀតណាម បានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីក អាជីវកម្មរបស់ខ្លួន។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម ដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងវិនិយោគិនមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នា ជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា»។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ  សម្ដេចតេជោ ក៏បានលើក ទឹកចិត្តឱ្យវិនិយោជិនវៀតណាមមកបណ្តាក់ទុន ធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យ ដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្ម កែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាល ជាដើម។ 

 ជាថ្មីម្តងទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏ធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

To Top