ព័ត៌មានជាតិ

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៥,៥% ក្នុងឆ្នាំ២០២២ និង៦,៦ ឆ្នាំ២០២៣

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២នេះ ស្ថានការណ៍ហាក់មានភាពធូរស្រាលជាងមុន សម្រាប់កម្ពុជាបើតាមការព្យាកររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥, ៥% ក្នុងឆ្នាំ២០២២ និង៦,៦% ឆ្នាំ២០២៣។

ក្នុងវេទិការជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា ក៏មិនខុសពីវៀតណាម និងប្រទេសដទៃទៀតក្នុងពិភពលោក បានជួបប្រឈមនឹងការរាតត្បាត និងផលប៉ះពាល់ជាអវិជ្ជមានពីជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងទៀត ដូចជា៖ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ បញ្ហាសម្ពាធអតិផរណា កើតចេញពីវិបត្តិថាមពល ដែលជាផលវិបាកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅវិញ ទៅមក របស់ប្រទេសមហាអំណាចពាក់ព័ន្ធ នឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។

សម្ដេចតេជោ បញ្ជាក់ថា «ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ២០២២នេះ ស្ថានការណ៍ហាក់មានភាពធូរស្រាលជាងមុន សម្រាប់កម្ពុជា ដោយយោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥, ៥% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បន្ថែមថា ការងើបឡើងវិញជាបណ្តើរៗ នៃសេដ្ឋកិច្ចកម្ពុជា តីដោយសារកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពបុរេសកម្ម និងម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលវេលាជាបន្តបន្ទាប់ ជាមួយនឹងការចូលរួម យ៉ាងខ្លាំងក្លារបស់ប្រជាជនកម្ពុជា ក្នុងស្មារតីប្រយុទ្ធប្រឆាំងនឹងវិបត្តិ នៃជំងឺកូវីដ-១៩ បានបង្កើតនូវភាព ស៊ាំសហគមន៍ និងបានចូលរួមពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់កិច្ចអភិវឌ្ឍឡើងវិញ ឱ្យកាន់តែរឹងមាំសម្រាប់កម្ពុជា។

សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវនានា សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការស្រូបទាញ ការវិនិយោគក្នុងស្រុក និងបរទេស។ កម្ពុជា ក៏បានស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់ បើកច្រកទីផ្សារនាំចេញបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសផ្សេងៗផងដែរ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញ ការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា៕

To Top