ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក លី ខឺជាង នាយករដ្ឋមន្រ្តីចិន នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ សម្ពោធជានិមិត្តរូប នូវសមិទ្ធិផល ចំនួន៣ ដែលកើតចេញពីទំនាក់ទំនង នៃប្រទេសទាំងពីរ។
សមិទ្ធិផលទាំង៣ ដែលបានសម្ពោធ ជានិមិត្តរូបរួមមាន៖
១៖ ពិធីសម្ពោធជានិមិត្តរូប បើកឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ។
២៖ តំបន់គម្រោងបង្ហាញ ការបញ្ចេញកាបូនិច ខេត្តព្រះសីហនុ ។
៣៖ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ។
សូមរំលឹកថា កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ មានរយៈពេលប្រមាណ ៦៤ឆ្នាំហើយ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិត ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់។
តាមរយៈទំនាក់ទំនងកម្រិតកំពូលនេះ កម្ពុជា-ចិន បានបង្កើតនូវកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាច្រើនទាំងលើ ផ្នែកនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
តាមរយៈទំនាក់ទំនងនេះ ធ្វើឱ្យមានការផ្លាស់ប្តូរ នូវព្រះរាជដំណើរ និងដំណើរទស្សនកិច្ចជាញឹកញាប់ រវាងមេដឹកនាំប្រទេសទាំងពីរ៕