ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចអាស៊ា​ន កំពុងងើបឡើងវិញ ជាមួយកំណើន GDP ៥.៣% ក្នុង​ឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ ជាមួយកំណើនផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុក ៥.៣% ឆ្នាំ២០២២ និង៤.៩% ក្នុងឆ្នាំ២០២៣។

ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ជិត ៣ឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញ វិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់ មកលើសង្គម-សេដ្ឋកិច្ច និងជាពិសេស បានដាក់ចេញនូវ «ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន» (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារឡើងវិញ ពីការវិបត្តិនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ បានបញ្ជាក់ថា «ជាក់ស្តែង យោងតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ជាមួយនឹងការសម្រេចបាន នូវកំណើនផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា»។

សម្ដេចតេជោ បន្ដថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ទី១- ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ទី២-ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ទី៣-ការជំរុញសមាហរណកម្ម បរិយាប័ន្ន, ភាពធន់ និង ភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន; និងទី៤-អាស៊ានជាសកលសម្រាប់ភាព រីកចម្រើន និង ការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាព ធន់ផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ានបានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍន ភាពគួរឱ្យកត់សម្គាល់ នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង១៩ ដែលត្រូវបានកំណត់កន្លងមក៕

To Top