ព័ត៌មានជាតិ

សម្ដេចតេជោ៖ អាស៊ាន ត្រូវបន្តប្រកាន់ភ្ជាប់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីលើកកម្ពស់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយ មានលក្ខណៈបើកចំហ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា អាស៊ាន ត្រូវបន្តប្រកាន់ភ្ជាប់គោលការណ៍ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយ ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន។

ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកលកំពុងស្រាកស្រាន្ដ គួរឱ្យកត់សម្គាល់ ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី ដោយនៅបន្តប្រឈមនឹងបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្ត្រនយោបាយ។

សម្ដេចតេជោ បានបញ្ជាក់ថា «ក្នុងស្មារតីនេះ អាស៊ានត្រូវបន្តប្រកាន់ភ្ជាប់ នូវគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាប័ន្ន, ទន្ទឹមត្រូវបន្តរក្សាឱ្យបាននូវ មជ្ឈភាព និងឯកភាពអាស៊ាន ក្នុងការកសាងទំនាក់ទំនងសកល និងតំបន់។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បន្ដថា បន្ថែមលើនេះ អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀត នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានា ដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សា បាននូវទំនើបកម្ម, ទាន់សម័យ, មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាបច្ចុប្បន្ន។

សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់អាស៊ាន ដោយបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់។ សម្ដេច ជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម ទាំងក្នុង និង ក្រៅអាស៊ាន ក៏ដូច ជាធ្វើឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023