ព័ត៌មានជាតិ

ក្រៅពីពង្រឹង សន្តិសុខ ជូនភ្ញៀវ រដ្ឋបាលរាជធានី បានរៀបចំសោភ័ណភាព និង ហេដ្ឋារចនាសម្ព័ន្ធ

​ភ្នំពេញ ៖ ព្រឹត្តិការណ៍លេចធ្លោ ដែលជាកិត្តិយសដ៏ធំធេងសំរាប់ជាតិ នាពេលនេះ គឺកម្ពុជា បានធ្វើជាប្រធានអាស៊ានប្តូរវេន សំរាប់ឆ្នាំ២០២២ សំរាប់កិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ពីថ្ងៃទី១០​ ដល់១៣វិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ។

ក្នុងនាមជាម្ចាស់ផ្ទះ នៃទីតាំងប្រារព្ធកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង សហការជាមួយស្ថាប័ន ជំនាញពាក់ពន្ធ័​ បានខិតខំ ប្រឹងប្រែងយ៉ាងពេញទំហឹង លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ដើម្បីការពារសន្តិសុខ ជូនប្រតិភូដែលមានប្រមាណ ២៨ប្រទេស និងដៃគូសន្ទនាបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំនេះ ជាបន្តបន្ទាប់។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវ រដ្ឋបាលរាជធានីភ្នំពេញ នៅបានរៀបចំកែលំអរ សោភណ្ឌភាព បរិស្ថាន សួនច្បារ ហេដ្ឋារចនាសម្ពន្ធ័ ទូទាំងរាជធានីភ្នំពេញ ឲ្យមានសម្រស់ស្រស់បំព្រង ថែមទៀត ដើម្បីចូលរួមលើកកំពស់មុខមាត់ ប្រទេសជាតិ ក្នុងព្រឹត្តិការដ៏សំខាន់នេះ ។ ដំណាក់កាលចុងក្រោយនេះ រាជធានីភ្នំពេញ ទទួលបានការកោតសរសើរ មិនដាច់ពីមាត់ពីគណៈប្រតិភូ វិនិយោគិន និង ភ្ញៀវទេសចរណ៍ ដែលបានមកដល់ រាជធានីភ្នំពេញ និងបានឃើញដំណើរការអភិវឌ្ឍន៍ រាជធានីភ្នំពេញយ៉ាងឆាប់រហ័ស នឹកស្មានមិនដល់ ។

កិច្ចប្រជុំកំពូលអាស៊ាន បានធ្វើឲ្យកម្ពុជា​ កាន់តែមានឈ្មោះបោះសំឡេង លើឆាកអន្តរជាតិ ។ កិច្ចប្រជុំ កំពូលអាស៊ាន ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួម ពីអគ្គលេខាធិការ អង្គការសហប្រជាជាតិផងដែរ ដែលជាកិត្តិយសដ៏ធំធេងបំផុត សំរាប់កម្ពុជាដែល សម្តេចតេជោហ៊ុន សែន ជាប្រធានអាស៊ាន នៅឆ្នាំនេះ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាចំណុចខ្ពស់បំផុត។ ទន្ទឹមគ្នានេះ រាល់ការប្រមូលផ្តុំណាមួយ នៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ ឬការតវ៉ាណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ គឺ មិនត្រូវឲ្យកើតមានដាច់ខាត។ អាជ្ញាធររាជធានីភ្នំពេញ និងប្រជាពលរដ្ឋរាជធានីភ្នំពេញ មានកាតព្វកិច្ចចូលរួមលើក តំកើងសោភណ្ឌភាព បរិស្ថាន ទីក្រុង និងផ្តល់កិត្តិយស មុខមាត់រាជធានីភ្នំពេញ ក៏ដូចប្រទេសជាតិទាំងមូល ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023