ព័ត៌មានជាតិ

កម្ពុជា-ថៃ ឯកភាព លើការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ផ្លូវគោក ផ្លូវដែក និងដោះមីននៅតាមព្រំដែន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានឯកភាព លើការពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់គមនាគមន៍ទាំងផ្លូវគោក ផ្លូវដែក និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការដោះមីនលើទីតាំង នៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីជម្លៀសគ្រោះថ្នាក់បង្កើតគ្រោះថ្នាក់ ណាមួយចំពោះប្រជាជន នៅតាមព្រំដែន។

ការឯកភាពនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃថៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការតភ្ជាប់គមនាគមន៍ទាំងផ្លូវគោក ផ្លូវដែក នេះផងដែរ លោក លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង ក៏បានលើកឡើងនូវគម្រោង ស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន ផងដែរ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើប្រធានបទមួយចំនួនដូចជា បញ្ហាអាស៊ាន ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យអប់រំ វិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងក្នុងសមុទ្រ ការតភ្ជាប់ និងពិភាក្សាពីបញ្ហានៃការដោះមីនជាដើម។ 

នៅក្នុងពិភាក្សាការងារ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ថៃបានឯកភាពគ្នានៅក្នុងការរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន និងបានឯកភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស សំដៅកសាងធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ស្របតាមការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះថ្នាក់ដឹកនាំនៃទាំងពីរ ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ តាមរយៈគោលការណ៍ប្រទេស២  គោលដៅទេសចរមួយ និងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម តាមរយៈការស្វែងរកសក្តានុពល លើការធ្វើពាណិជ្ជកម្ម លើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានដល់១៥ពាន់ លានដុល្លារសហរដ្ឋអាមេរិក។ 

ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ក៏ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នៅតាមព្រំដែន ជាមួយនឹងការបន្តការជំរុញកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹង នៅក្នុងសមុទ្រ ដែលការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលជាវិជ្ជមានលើគុណភាពកសិផល ហើយសំណល់ប្លាស្ទិច នៅក្នុងសមុទ្រអាចជះឥទ្ធិពលអាក្រក់ ដល់សុខភាពប្រជាជនផងដែរ៕

To Top