ព័ត៌មានជាតិ

ទោះកូវីដ១៩ រាតត្បាត ក៏វិស័យដឹកញ្ជូនទំនិញកម្ពុជា-ថៃ មិនប៉ះពាល់ខ្លាំង ដោយសារហេដ្ឋានរចនាសម្ព័ន្ធ មានគុណភាព

ភ្នំពេញ៖ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងឱ្យដឹងថា ទោះបីជាស្ថិតក្នុងបរិបទមានជំងឺកូវីដ-១៩ រាតត្បាត ក៏វិស័យដឹកជញ្ចូនទំនិញ រវាងកម្ពុជា-ថៃ មិនប៉ះពាល់ខ្លាំងនោះទេ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។

ក្នុងជំនួបទ្វេភាគីជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នាថ្ងៃទី១០ វិច្ឆិកា លោក Arkhom Termpittayapaisith បានបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អ រវាងប្រទេសជិតខាង ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងថៃនេះស្រាប់។ 

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «ទោះបីជាស្ថិតក្នុងបរិបទដែលមានជំងឺកូវីដ-១៩ រាតត្បាតក៏ដោយ វិស័យដឹកជញ្ចូន ទំនិញរវាងប្រទេសទាំងពីរ ក៏មិនបានទទួលរងការប៉ះពាល់ខ្លាំងនោះទេ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់»។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់ តួនាទីវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារ ព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីសកម្មភាពការងារសំខាន់ៗ ជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃ នៅតាមព្រំដែន រួមមាន៖ គម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់ សម្រេចបានជិត ៧០%ហើយ គិតត្រឹមថ្ងៃទី៣១ តុលា ឆ្នាំ២០២២ និងកំពុងជំរុញការងារបន្ត, គម្រោងសាងសង់ស្ពាន ឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ប៉ុន្តែមិនទាន់មានការឯកភាពគ្នា លើការយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាននៅឡើយ៕

To Top