ព័ត៌មានជាតិ

សម្ដេចតេជោ៖ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម-សេដ្ឋកិច្ច អាស៊ាន និងសកលលោក នៅមានភាពផុយស្រួយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានប្រាប់ដល់សមាជិកអាស៊ានទាំងអស់ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយសារស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការរាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ២០២០មក។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីលះបង់ តាមរយៈសមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម អាចប្រកាសដោយមោទនភាពថា បានយកឈ្នះលើការគម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្ដើមដំណើការ ស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច។

សម្ដេចតេជោបន្ដថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យ ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗ នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៅលើសកលលោក។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បញ្ជាក់ថា «ខណៈដែលយើងកំពុងសប្បាយរីករាយ ជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើន ប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ យើងកំពុងស្ថិតនៅលើចំណុច ប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈម ជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ»។

សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស ។ ក្នុងន័យនេះ សម្ដេច មានជំនឿថា «យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោលបំណងចែករំលែក នូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម រួមខាងលើ»៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023