ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីចិននៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ

អ្នកវិភាគនិងអ្នកសិក្សាស្រាវជ្រាវ នៅកម្ពុជាសុទ្ធតែមើលឃើញ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត តាមរយៈដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីចិន Li Keqiang នៅកម្ពុជា។

តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញ ទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំង បន្តការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល មួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការ អាស៊ីបូព៌ាទៀតផង ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី៩ វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បង្អែកវ៉ាក់សាំងបង្ការជំងឺកូវី១៩ របស់រដ្ឋាភិបាលចិនដែលបាន ផ្ដល់ជំនួយមកដល់កម្ពុជា គឺជួយឱ្យកម្ពុជាឆ្លងផុតពីវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩ រហូតឈានដល់ការបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះភាគីចិន ដែលបានបន្តផ្ដល់ជំនួយបន្ថែម ដែលជំនួយទាំងនោះនឹងជួយ អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែ រីកចម្រើនទៅមុខទៀត។ ក្រោយបញ្ចប់ជំនួបពីភាក្សា នាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន១៨ ដោយឯកសារទំាំងនោះ គឺពាក់ព័ន្ធនឹងការដែលភាគីចិន បន្តជួយកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនៅកម្ពុជា ដូចជា ស្ពានឆ្លងកាត់ទន្លេ ពង្រីកផ្លូវជាតិ ជាដើម។ ក្រៅពីនេះ ក៏មានគម្រោងរៀបចំផែនការមេ សម្រាប់ប្រព័ន្ធឹដឹកជញ្ជូន និង កែលម្អផ្លូវជនបទផងដែរ។ ជាងនេះទៀត ក៏មានការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម ជាពិសេស ការជំរុញការនាំចេញផលិត ផលិតផលកសិកម្មកម្ពុជាទៅចិន កាន់តែច្រើនឡើងបន្ថែមទៀត ព្រមទាំង ទាក់ទងនឹងជំនួយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ផ្សេងៗទៀតផងដែរ។

ជុំវិញដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីចិន នៅកម្ពុជា នាពេលនេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន Li Keqiang ក្នុងពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការជំរុញលើកកម្ពស់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យមានកាន់តែមានលក្ខណៈ ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ក្នុងនាមជាអ្នកជិតខាងល្អ ជាបងប្អូនល្អ ហើយក៏បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត របស់ចិន ក្នុងការលើកកម្ពស់សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ចិន។

«ហើយយើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីចិននេះ គឺនឹងហុចផលផ្លែផ្កាច្រើន ជាប្រយោជន៍សម្រាប់ ប្រជាជាតិយើងទាំងពីរ ហើយដូចដែលយើងបានឃើញហើយថា តាមរយៈវត្តមាននៃដំណើរទស្សនកិច្ច របស់ឯកឧត្តម នាយករដ្ឋមន្ត្រីចិននៅកម្ពូជានេះ គឺឯកសារនៃកិច្ចព្រមព្រៀងចំនួន១៨ ត្រូវបានចុះហត្ថលេខា ដែលទាំងអស់នេះគឺសុទ្ធតែ ជាសមិទ្ធផលជាក់ស្តែងផ្ទាល់ ដែលរួមចំណែក យ៉ាងមានសារៈសំខាន់សម្រាប់ការ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ក៏ដូចជា ការអភិវឌ្ឍ ជំរុញនូវកំណើន សេដ្ឋកិច្ចនៃប្រទេសកម្ពុជាផងដែរ»។

រីឯ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន វិញ បានមានទស្សនយល់ឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន Li Keqiang គឺបង្ហាញពីការរឹតចំណង មិត្តភាពរវាងប្រទេសទាំងពីរ ឈានឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត និងបង្ហាញពីការគាំទ្រពេញទំហឹងចំពោះកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ព្រមទាំងការចាក់បញ្ជូលនូវធនធានហិរញ្ញវត្ថុ ក្នុងការសម្រេចបាននូវគម្រោងជាច្រើនទៀត។

«ទំនាក់ទំនងរវាងកម្ពុជានិងចិន មានសន្ទុះកាន់តែខ្លាំងថែមទៀត ក្នុងកំលុងពេលនៃទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីចិនមកកាន់កម្ពុជា ព្រោះយើងសម្រេចបាននូវគោលដៅជាច្រើនទៀត ក្រោមកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេស គឺជាការរឹតចំណងសាមគ្គីភាព ដែលមិនត្រឹមតែរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិងពង្រីកនូវចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន»។

លោកបណ្ឌិត ក៏បានបង្ហាញពីចំណាប់អារម្មណ៍ លើកិច្ចព្រមព្រៀងមួយ ក្នុងចំណោម១៨ ដែលទើបបានចុះហត្ថលេខា នោះគឺអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សា សាធារណៈនៅកម្ពុជា ដែលជាការសម្រួលដល់ការសិក្សាភាសាចិន កាន់តែទូលាយ សម្រាប់សិស្ស និស្សិតកម្ពុជា ជាពិសេស ការសិក្សានៅប្រទេសចិនផ្ទាល់ ជាឱកាសស្រូបយកបច្ចេកវិទ្យាទំនើបរបស់ចិន យកមកអភិវឌ្ឍន៍ប្រទេសជាតិវិញ ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top