ព័ត៌មានជាតិ

កូរ៉េសន្យាបង្កើនជំនួយ និងជំរុញអ្នកវិនិយោគ មកកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ លោក យូន សុកយ៉ល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការសន្យាថា នឹងបង្កើនជំនួយបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ ជាពិសេសកូរ៉េ នឹងជំរុញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត នៅពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

ការលើកឡើងរបស់លោក ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែល លោក អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ ទាំងបញ្ហាតំបន់ និងបញ្ហាទ្វេភាគី។

លោក យូន សុកយ៉ល (Yoon Suk-yeol) បានសំដែងនូវការគាំទ្រ និងពេញចិត្តចំពោះមជ្ឍភាពអាស៊ាននាពេលនេះ។

លោក បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកូរ៉េខាងត្បូងនិងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។

លោក យូន សុកយ៉ល (Yoon Suk-yeol) បានបន្តថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អ នឹងគ្នាជាច្រើន ដូចជា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស្ស័យឯកជន និងឯកជន រវាងប្រជាជន និងប្រជាជន ហើយក្នុងរយៈពេលត្រឹមតែ២៥ឆ្នាំតែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាង២០ដង។

ក្នុងន័យនេះ លោកប្រធានាធិបតី បានជម្រាបជូនសម្ដេចតេជោថា «កូរ៉េចាត់ទុកការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ក្នុងន័យនេះ ជំនួយក្រៅប្រទេសរបស់កូរ៉េ មកកម្ពុជាត្រូវបានបង្កើនឡើង បន្ថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ ជាពិសេសកូរ៉េ នឹងជំរុញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត នៅពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសដើម្បីចាប់យកឱកាស តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ការមិនយកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរជាដើម»៕

To Top