ព័ត៌មានជាតិ

កម្ពុជា ប្រឆាំង រាល់សកម្មភាពទាមទារ «ឯករាជ្យភាពតៃវ៉ាន់» និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រឆាំងដាច់ខាត រាល់ទម្រង់នៃសកម្មភាព ដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់» និងប្រឆាំងនឹងការជ្រៀតជ្រែក ពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន ទោះក្រោមហេតុផលណាក៏ដោយ ។

ការចេញប្រកាសនេះ ធ្វើឡើងស្របពេលដែល ប្រទេសកម្ពុជា កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដទៃទៀត ដែលមានថ្នាក់ដឹកនាំ មកពីបណ្ដាប្រទេសជាច្រើន អញ្ជើញចូលរួម ក្នុងនោះមានទាំង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ។

តាមរយៈសេចក្ដី ប្រកាសរួម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ” ភាគីកម្ពុជា បានអះអាងសាជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ «គោលនយោបាយចិនមួយ» និងប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទំាងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាព របស់ពួកបំបែកខ្លួនដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់» និងប្រឆាំងនឹងការជ្រៀតជ្រែក ពីខាងក្រៅចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យ ក្រោមហេតុផលណាក៏ដោយ»។

កម្ពុជាគាំទ្រ រាល់កិច្ចប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារផលប្រយោជន៍ស្នូល និងសម្រេចបាននូវការបង្រួបបង្រួមជាតិ។

ភាគីចិន តាមរយៈលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់កម្ពុជា ចំពោះជំហរទាំងនេះ ៕

To Top