នយោបាយ

អូស្ត្រាលី វាយតម្លៃខ្ពស់ ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិមីយ៉ាន់ម៉ា របស់កម្ពុជា

ភ្នំពេញ៖ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ របស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិមីយ៉ាន់ម៉ា ព្រមទាំង បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអំពាវនាវឱ្យដោះលែង សាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី Sean Turnell ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បាន​ឱ្យដឹងថា ក្នុងក្របខ័ណ្ឌអាស៊ាន ថ្នាក់ដឹកនាំទាំងពីរ (កម្ពុជា-អូស្ដ្រាលី) បានស្វាគមន៍ចំពោះវឌ្ឍនភាព នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រាយ រវាងអាស៊ាន-អូស្ត្រាលី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ អូស្រ្ដាលីដែលបានគាំទ្រភាពជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងបានកត់សម្គាល់ដោយក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការរុករករ៉ែមាសផងដែរ។

ទន្ទឹមនឹងការសាទរចំពោះអភិវឌ្ឍន៍ ដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា លោក Anthony Albanese ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលអូស្រ្ដាលី សម្រាប់ការរួមចំណែក ដល់ដំណើរការកសាងសន្តិភាព និងការបន្តផ្តល់ជំនួយ ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម នៅកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ លើវិស័យផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាត មីន និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួនប្រមាណ ជិត ៣លានដូស និងឧបករណ៍ វេជ្ជសាស្ត្រផ្សេងៗទៀត យ៉ាងទាន់ពេលវេលា។

សម្តេចតេជោ បានស្នើដល់អូស្ត្រាលី ឱ្យបន្តផ្តល់ជំនួយលើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក Anthony Albanese ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀតដែលជាកង្វល់រួមផងដែរ៕

To Top