ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សោកស្ដាយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន មិនបានជួបសន្ទនាគ្នា នៅភ្នំពេញ

ភ្នំពេញ៖ ទោះបីអាស៊ានចង់ឲ្យមានការជួបសន្ទនា ដើម្បីដោះស្រាយបញ្ហាសង្គ្រាមក្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មិនបានជួបគ្នាភ្នំពេញនោះទេ ខណៈរដ្ឋមន្រ្តី នៃប្រទេសទាំងពីរ បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃកន្លងមកនេះ។

ការមិនបានជួបគ្នានោះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានសម្តែងការសោកស្តាយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គី ឡារ៉ូវ (Sergey Larov) និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) មិនបានជួបសន្ទនាគ្នា នៅរាជធានីភ្នំពេញ ដើម្បីចរចារកដំ ណោះ ស្រាយបញ្ហា វិបត្តិសង្គ្រាម រវាងប្រទេសទាំង២នោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៣វិច្ឆិកានៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលជួបពិភា ក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន សម្តេចបានផ្តួចផ្តើម ចង់ឲ្យមានការជួបសន្ទនា ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដែលមានវត្តមាននៅកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន នៅភ្នំពេញ ប៉ុន្តែភាគីទាំង២ មិនបានជួបគ្នានោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អំពីគំនិតផ្តួចផ្តើមអ៊ុយក្រែន ខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែនថា ឯកឧត្តមគួរពិចារណា មើលទាន់រដ្ឋមន្ត្រីការបទេសរុស្ស៊ី មកដល់ទីក្រុងភ្នំពេញ គួរមានការជួបសន្ទនាគ្នា បើទោះបីបានលទ្ធផល ឬមិនបានលទ្ធផល វាក៏ជាការបង្ហាញនូវកាយវិការ នៃការសន្ទនាប្រកបដោយការស្ថាបនា ក៏ប៉ុន្តែជាការគួរឲ្យសោគស្តាយ ដែលទាំងរុស្ស៊ី និងអ៊ុយក្រែន គឺមិនបានជួបគ្នាណាមួយកើតឡើង នៅទីក្រុងភ្នំពេញនោះទេ ហើយយើងពិនិត្យក្នុងគំនិតផ្តួចផ្តើម ក្នុងការសន្ទនានានា គឺយើងមិនទាន់ឃើញមានសញ្ញា ជាក់លាក់ណាមួយទាក់ទងជាមួយដំណើរការសន្តិភាពទេ តែមានលេចឡើងទាក់ទិនការ រកវិធីដោះស្រាយបញ្ហាការដឹកជញ្ជូន គ្រាប់ធុញ្ញជាតិ និងជី ចេញពីអ៊ុយក្រែន»។

ជាមួយគ្នានោះដែរ សសម្តេចតេជោ ហ៊ុន សែន បានលើកឡើង ថា គំនិតផ្តួចផ្តើមជាក់លាក់ទាក់ទងនឹងការចរចា រវាងរុស្ស៊ី-អ៊ុយក្រែន ដូចជាមិនទាន់មាន ព្រោះយើងមើលឃើថាអ្នកទាំងសងខាង ហាក់ដូច ជានៅសង្ឃឹមលើការវាយគ្នាយកឈ្នះ យកចាញ់នៅឡើយ ដូច្នេះស្ថានភាពនេះ ហាក់ដូចជាកំពុងតែសង្ឃឹម ទៅលើការប្រើអាវុធ ជាជា ងការប្រើប្រាស់ការចរចា។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ សម្តេចបានលើកឡើង ពីបញ្ហានៃការដឹកជញ្ជូនស្រូវសាលី និងការដឹក ជញ្ជូនជី ចេញពីប្រទេសអ៊ុយក្រែនផងដែរ ព្រោះនៅប្រទេសនោះ ជាកន្លែងផលិតស្រូវសាលី និងជី ប្រសិនមិនអាចដឹកជញ្ជូន ចេញបានទេ បង្កើតទៅជាវិបត្តិស្បៀង។

សូមជម្រាបថា សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយការឈ្លានពាន ពីសំណាក់ប្រទេសរុស្ស៉ី លើកទ័ពវាយយកទឹកដីភាគខ្លះ នៃប្រទេសអ៊ុយក្រែន។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ខែមកហើយ ដែលសង្គ្រាមនេះមិនទាន់បញ្ចប់ឡើយ បង្កឲ្យមា នវិបត្តិស្បៀងអាហារ និងថាមពលនៅលើពិភពលោកផងដែរ៕

To Top