ភ្នំពេញ ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម បានស្នើឲ្យ រដ្ឋមន្ត្រីកសិកម្មកម្ពុជា-ព្រុយណេ សហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះ ចេញទៅ ប្រទេសព្រុយណេ ។
ក្នុងជំនួបពិភាក្សា ការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៤ វិច្ឆិកានេះ ព្រះចៅ ស៊ុល តង់ បានសម្ដែង នូវព្រះរាជអំណរសាទរ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងល្អ និង យ៉ាងជោគជ័យ ។ ព្រះអង្គក៏បានសំដែងនូវ ការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជ ដំណើរ របស់ព្រះអង្គ យាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា និងព្រះរាជដំណើរ យាងមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
ព្រះអង្គទ្រង់ ក៏បានសំដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនងរវាង ព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រទាំងពីរ ហើយក៏បានលើក ទឹកចិត្តឲ្យ មានកិច្ចសហប្រតិបត្តិការ បន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាពិសេសបានស្នើឲ្យ រដ្ឋមន្ត្រីកសិកម្ម ទាំងពីរប្រទេស សហការគ្នា លើវិស័យកសិកម្ម និង ការនាំអង្ករផ្កាម្លិះចេញ ទៅប្រទេសព្រុយណេ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជា និងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់ដែលញ៉ាំង ឲ្យព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពថ្លែងអំណរគុណ ថ្វាយព្រះចៅ ស៊ុល តង់ ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងព្រះរាជាណាចក្រ នៃប្រទេសទាំងពីរ ៕