នយោបាយ

សម្តេចតេជោ ហ៊ុន​ សែន​ ទម្លាយ​អត្តចរិត​លោក​ ​ចូ​ បៃដិន​ មេដឹកនាំ​កំពូល មហាអំណាចអាមេរិក

ភ្នំពេញ៖ បន្ទាប់ពីមានជំនួបទ្វេភាគី ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំងនៅកម្ពុជា និងនៅសហរដ្ឋអាមេរិកក្តី សម្តេចតេជោ បានមើលឃើញថា លោក ចូ បៃដិន ពិតជាមានភាពរួសរាយ រាក់ទាក់ខ្លាំង បើទោះបីលោកស្ថិតក្នុងឋានៈ ជាប្រធានាធិបតី នៃប្រទេសមហាអំណាច ផុតលេខយ៉ាងណាក៏ដោយ ។

ក្នុងសន្និសីទសារព័ត៌មាន​ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សម្រាប់ខ្ញុំ ជាមួយនឹង ឯកឧត្តមប្រធានាធិបតី ចូ បៃដិន គាត់មានអាយុច្រើនជាងខ្ញុំ ៨ឆ្នាំ គាត់ពិតជារួសរាយ ហើយយើងមានការសន្ទនាគ្នាដ៏ល្អ បើទោះបីថារឿងនេះ រឿងនោះ យើងចែករំលែកគ្នា តាំងពីកូនតាំងពីចៅជាដើម ក៏និយាយគ្នាបាន វាមានទៅទាស់ខុសអី ។ នៅទីក្រុងវ៉ាស៊ីនតោន យើងក៏និយាយ មកដល់នេះ យើងក៏និយាយ គាត់មានចៅតិចជាងខ្ញុំ គាត់មានត្រឹមតែ ៧ ខ្ញុំមានដល់ទៅ២២​” ។

សម្តេចតេជោ បន្តថា “បញ្ហាទាក់ទិនជាមួយនឹងមេដឹកនាំ និងមេដឹកនាំ ទោះបីថាយ៉ាងមិចក៏ដោយ គេមានសុជីវធម៌ នៅក្នុងការគ្រប់គ្រងទំនាក់ទំនង ព្រោះជាតិសាសន៍មួយ គេត្រូវមានរដ្ឋាភិបាលមួយ មេដឹកនាំប្រទេសមួយ ខ្ញុំទៅសហរដ្ឋអាមេរិក ក៏ត្រូវទទួលខ្ញុំ ដោយរថយន្តរបស់ខ្ញុំ មានទង់ជាតិកម្ពុជាផង មានទង់ជាតិអាមេរិកផង ។ អាមេរិក ពិតមែនតែ មិនប្រើប្រាស់រថយន្តរបស់យើងនោះទេ ព្រោះអាមេរិក ត្រូវការពារ ក្នុងកម្រិតខ្ពស់ ប៉ុន្តែនៅលើរថយន្ត របស់សហរដ្ឋអាមេរិក ក៏មានទង់ជាតិកម្ពុជា និងទង់ជាតិសហរដ្ឋអាមេរិក នៅទីនោះដែរ នេះជាសិល្បធម៌ នៃការគោរពគ្នា មិនមែនគ្រាន់តែអាមេរិក ជាមួយនឹងកម្ពុជាទេ នៅមានប្រទេសដទៃទៀត” ។

សូមរំលឹកថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយភាពជោគជ័យ និងដំណើរការប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ។ ក្នុងនោះបើតាមប្រសាសន៍សម្តេចតេជោ បានឲ្យដឹងថា ” ផលប្រយោជន៍ដែលកម្ពុជាទទួលបាន គឺកិត្យានុភាព ដែលទុកជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ ។ លុយយើងអាចចាយអស់​ ក្នុងមួយថ្ងៃ ឬមួយឆ្នាំ​ក៏ប៉ុន្តែកេរដំណែលដែលយើងរកបាននៅប៉ុន្មានថ្ងៃនេះ ចាយវាមិនអស់ទេ ១០០ឯកសារ ដែលបានសម្រេចនៅទីក្រុងភ្នំពេញ ១០០ឯកសារទុកទៅតាមបណ្តាល័យនានា សម្រាប់កូនចៅយើងរៀនសូត្រ នៅពេលក្រោយ ។ នោះហើយ គឺជាផលប្រយោជន៍ ៕

To Top