ព័ត៌មានជាតិ

ម្ចាស់បុរី និងអគារសហកម្មសិទ្ធិ ត្រូវបញ្ឈប់ការទារលុយ​ ជាថ្នូរនឹងការអនុញ្ញាត ឱ្យតអ៊ីនធេីណេតចូលលំនៅឋាន

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការទារលុយជាថ្នូរ នឹងការអនុញ្ញាត ឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធេីណេត ចូលក្នុងលំនៅដ្ឋាន របស់អ្នកប្រើប្រាស់។

ក្រសួងប្រៃសណីយ៍ អំពាវនាវបែបនេះ បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន៨ ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមបុរីនិងអគារសហកម្មសិទ្ធិ ក្នុងរយៈពេលកន្លងមក ដោយទទួលបាន នូវព័ត៌មានជាក់លាក់ អំពីឧបសគ្គមួយចំនួន ដែលធ្វើឱ្យមានការលំបាក ក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត ចូលក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន។

យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងប្រៃសណីយ៍ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «សូមអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់ ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់ បណ្តាញសេវាអ៊ីនធឺណិត ចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់ នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ ស្តីពីទូរគមនាគមន៍។ ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ»។

ក្នុងករណីម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក.ប.ទ. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

To Top