ព័ត៌មានជាតិ

សម្ដេច ស ខេង ផ្ដាំផ្ញើកីឡាករខិតខំ ដើម្បីដណ្ដើមពានរង្វាន់ សម្រាប់លើកកម្ពស់កិត្តិយសជាតិ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់កីឡាករ និងកីឡាការិនី របស់ក្រសួងមហាផ្ទៃ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើន សម្រាប់លើកកម្ពស់កិត្តិយសជាតិ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គលេខាធិការ និងប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងថា ការប្រកាសប្រគល់តួនាទីភារៈកិច្ច ជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាពេលនេះ គឺជាការប្រគល់សេចក្តីទុកចិត្ត និងការទទួលខុសត្រូវខ្ពស់ ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ចាំបាច់ត្រូវខិតខំប្រឹងប្រែង ពង្រឹងរចនាសម្ព័ន្ធ ចំពោះសមាសភាពរបស់មន្ដ្រី នៅក្នុងអគ្គលេខាធិការដ្ឋាន ឱ្យកាន់តែម៉តចត់បន្ថែមទៀត។

សម្ដេច បានរំលឹកថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដែលរាជរដ្ឋភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់មន្ដ្រីក្របខ័ណ្ឌ ដើម្បីបម្រើឱ្យវិស័យកីឡា។ បន្ថែមពីនេះ សម្តេច បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ត្រូវស្វះស្វែងកៀរគរប្រមូលរកធនធាន និងត្រូវរៀបចំកសាង នូវមូលដ្ឋានមជ្ឈមណ្ឌលហ្វឹកហាត់មួយ ឱ្យបានច្បាស់លាស់ សម្រាប់កីឡាករ បានហ្វឹកហ្វឺនគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅត្រឹមត្រូវ ក្នុងអំឡុងពេលហ្វឹកហាត់។

សម្ដេច ស ខេង បានបញ្ជាក់ថា «សូមផ្ដាំផ្ញើដល់កីឡាករ និងកីឡាការិនី ទាំងអស់របស់ក្រសួងមហាផ្ទៃ ដែលធ្លាប់បានទទួលពានរង្វាន់ នាពេលកន្លងមក ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើន សម្រាប់លើកកម្ពស់កិត្តិយស និងមុខមាត់ជាតិ និយាយជារួម និងសម្រាប់ក្រសួងមហាផ្ទៃ និយាយដោយឡែក»។

ទន្ទឹមនឹងនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក-សមាជិកា នៃក្រុមប្រឹក្សាកីឡា​ របស់ក្រសួងមហាផ្ទៃ ចូលរួមគាំទ្រ ធ្វើយ៉ាងណាឱ្យកីឡា របស់ក្រសួងមហាផ្ទៃ ទទួលបានការកាន់តែច្រើន និងមានដំណើរកាន់តែល្អប្រសើរបន្ថែមទៀត៕

To Top