ព័ត៌មានជាតិ

ACU ប្រាប់​ពលរដ្ឋរស់នៅ សង្កាត់តាខ្មៅ មិនទាន់ទទួលប្រាក់ឧបត្ថម្ភ ត្រូវ​ផ្ដល់ព័ត៌មានជាបន្ទាន់

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ មិនទាន់ទទួលប្រាក់ឧបត្ថម្ភ ត្រូវផ្ដល់ព័ត៌មានមក ACU ជាបន្ទាន់។

ថ្មីៗនេះ អាជ្ញាធរ បាន​ធ្វើការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី១៦ វិច្ឆិកា បានឱ្យដឹងថា «អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណជន រស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្ដល់ព័ត៌មានមកអង្គភាព ប្រឆាំងអំពើពុករលួយជាបន្ទាន់»។

សូមរំលឹកថាថ្មីៗនេះ នគរបាលខេត្តកណ្តាល បានបញ្ជូនស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩៕

To Top