បច្ចេកវិទ្យា

ក្រសួង ពិនិត្យការធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងចេញចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តាមយន្តការបច្ចេកវិទ្យា DIP

ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើវិធីធ្វើឱ្យប្រសើរឡើង លើការគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស កាត់បន្ថយការកកស្ទះ តាមយន្តការបច្ចេកវិទ្យាDIP។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក Zhou Yang អគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន, លោក Mo Kun អគ្គនាយកក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការធានាលំហូរយានយន្ត ចូលចេញ ដែលកន្លងទៅតម្រូវឱ្យបង់ជាសាច់ប្រាក់នៅគ្រប់គន្លងច្រកចេញ ពីផ្លូវល្បឿនលឿន ជាបច្ច័យអាចធ្វើឱ្យការកកស្ទះ នៅពេលមានតម្រូវការចរាចរណ៍ខ្ពស់ ជាពិសេសថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកនានា។

ផ្ទាំងពាណិជ្ជកម្ម

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុល ដោយលើកយកបញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ និងពិភាក្សាលើដំណោះស្រាយថ្មី តាមប្រព័ន្ធបច្ចេកវិទ្យា DIP អនុញ្ញាតឱ្យបញ្ចូលប្រាក់តាមផ្លាកលេខ មុនចូលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលបានប្រកាសដាក់ឱ្យសាកល្បង កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២២ កន្លងទៅ។

សូមជម្រាបជូនថា ប្រព័ន្ធបច្ចេកវិទ្យា DIP គឺជាគំនិតផ្តួចផ្តើមមួយ ត្រូវបានដាក់ចេញដើម្បី ធានាការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន កាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងការងារផ្តល់សេវាប្រើប្រាស់ផ្លូវ ការកត់ត្រាការប្រមូលចំណូលសម្រាប់ការបង់ពន្ធជូនរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ។ ប្រព័ន្ធនេះ ក៏នឹងធានាឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសេវាប្រើប្រាស់ផ្លូវបានលឿនរហ័ស ជៀសផុតពីជំងឺកូវី-១៩ កាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយការរង់ចាំយូរដែលបណ្តាលមកពីការកកស្ទះចរាចរណ៍ ជាដើម។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានណែនាំ ឱ្យភាកីក្រុមហ៊ុនធ្វើការ យកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបុគ្គលិក នៅតាមច្រកចូលចេញ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ បានលឿនរហ័ស លើការកាត់ទឹកប្រាក់ពីក្នុងផ្លាកលេខ ព្រមទាំងមានសមត្ថភាពដោះស្រាយបញ្ហាជូនអ្នកធ្វើដំណើរ ក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន៕

To Top