ព័ត៌មានជាតិ

គោលការណ៍ ទិញស្រូវ នៅខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តន៍ដូចគ្នា នឹងខេត្តបាត់ដំបង​ សម្រាប់​ស្រូវ​ផ្កា​រំដួល​

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអះអាងថា គោលការណ៍ទិញស្រូវ នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអនុវត្តន៍ដូចគ្នា ទៅនឹងខេត្តបាត់ដំបងដែរ ដោយក្នុងនោះ ១គីឡូក្រាម​តម្លៃ​មិនក្រោម១០៤០រៀល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៉ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ លោក-លោកស្រីអភិបាលស្រុក មេឃុំ តំណាងរោងម៉ាស៉ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៉ីនកិនស្រូវ។

ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថេរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បានសម្រេចប្រកាសកំណត់យកថ្លៃគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនក្រោម ៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម
នៅនឹងកន្លែង ដូចនៅខេត្តបាត់ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៉ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ឱ្យចុះប្រមូលទិញ ដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២នេះ។ ការអនុវត្ដនឹងចាប់ផ្តើមពីគោលដៅចំនួន៨ទីតាំង រួមមាន៖ មួយទីតាំងនៅស្រុកភ្នំស្រុក មួយទីតាំងនៅស្រុកព្រះនេត្រព្រះ បីទីតាំងនៅស្រុកស្វាយចេក និងបីទីតាំងនៅស្រុកថ្មពួក។

ប្រជាកសិករគ្រប់គោលដៅ បានសាទរនឹងការអនុវត្តថ្លៃគោលនេះ។ ក្នុងករណីមានបញ្ហាអ្នកទិញអនុវត្តមិនត្រឹមត្រូវ សូមប្រជាកសិករមេត្តាទាក់ទងជាមួយមេឃុំ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួលបានការអន្តរាគមន៍៕

To Top