ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្ដែងការអបអរយ៉ាងក្លៀវក្លា ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជា “អង្ករល្អដាច់គេ” លំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកថា នេះគឺជាលើកទី៥ហើយ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ និងនាំមកនូវមោទកភាពសម្រាប់កម្ពុជា។
ថ្លែងប្រាប់ អង្គភាពសារព័ត៌មានដើមអម្ពិល លោក ឌិត ទីណា បានឱ្យដឹងថា ហេតុផលដែលអង្ករកម្ពុជា ទទួលបានជ័យលាភី លេខ១ ដោយសារតែ ៖ រូបសម្បត្តិ ប្រវែងគ្រាប់អង្ករល្អស្មើគ្នាពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករ មានលក្ខណៈទាក់ទាញក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរ និងមានឱជារសឆ្ងាញ់ ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានឱ្យដឹងផងដែរថា កម្ពុជាទទួលបានជ័យលាភីសរុបចំនួន៥ដង ក្នុងប្រវត្តិនៃការរៀបចំនួន១៤ដង ដោយក្នុងនោះ៖ លើកទី១ ក្នុងឆ្នាំ២០១២, លើកទី២ ក្នុងឆ្នាំ២០១៣ លើកទី៣ ក្នុងឆ្នាំ២០១៤ លើកទី៤ ក្នុងឆ្នាំ២០១៨ និងលើកទី៥ ក្នុងឆ្នាំ២០២២។
ដោយឡែក ប្រទេសថៃក៏ធ្លាប់បានចំនួន៧ដង វៀតណាម១ដង និងភូមាបានពានរួមគ្នា ជាមួយអាមេរិកម្តង The TRT World Rice conference រៀបចំឡើង ដោយ The International Commodity Institute (ICI) based in USA។
លោក ឌិត ទីណា បញ្ជាក់ថា «នេះគឺជាមោទនភាពភាព សម្រាប់ជាតិខ្មែរទាំងមូល»។
ជុំវិញជ័យលាភីនេះ លោក ឌិត ទីណា បានជំរុញនិងលើកទឹកចិត្តឱ្យរួមគ្នា ខិតខំប្រឹងប្រែងបន្តទៀត ទាំងប្រជាកសិករ អាជីវករ មន្ត្រីក្រសួងនិងរាជរដ្ឋាភិបាលទាំងមូល ដើម្បីជំរុញសក្ដានុពល នេះ ឱ្យទៅជាផលប្រយោជន៍ជាតិ៕