ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ការបោសសម្អាតមីន និងការអភិវឌ្ឍយ៉ាងលឿន ធ្វើឱ្យកម្ពុជាបានប្រែក្លាយ ពី«ដីមីន» ទៅជា«ដីមាស»

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានលើកឡើងថា ការបោសសម្អាតមីន មនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ កម្ពុជា បានប្រែក្លាយ ពី«ដីមីន»ទៅជា«ដីមាស» ។

ថ្លែងក្នុងពិធីប្តូរឈ្មោះ របស់សមាគមរោងចក្រកាត់ដេរ​ នៅកម្ពុជា និងការប្រមូលថវិកាជួយ ដល់គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការបោសសម្អាតមីនមនុស្សធម៌ ​ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្លេះ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ។ ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន»ទៅជា«ដីមាស» ។

លោកបានលើកឡើងបន្ថែមថា ជាក់ស្តែង តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ ទៅជាដីភូមិឋានដ៏មានសុភមង្គល ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្ម ដ៏មានសក្តានុពល ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកបន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ, មិនមានក្តីកង្វល់ពីសុវត្ថិភាព, មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន ។ ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ, ក៏កម្ពុជានៃយើងនៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង ។

ជាមួយនឹងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់, កម្ពុជាបានប្តេជ្ញាចិត្តថា នឹងសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជា​មួយគ្មានមីន ឆ្នាំ២០២៥», តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ជាមួយមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រធាន និងដឹកនាំគ្រប់គ្រង ក្រោមកិច្ចសម្របសម្រួល ដោយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (CMAA) និងមានការគាំទ្រ ពីកងយោធពលខេមរភូមិន្ទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ផ្សេងទៀត ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់ការទុកចិត្ត និងជ្រើសរើសយកកម្ពុជា ជាគោលដៅក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពចម្រុងចម្រើន ទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ លើលពីនេះ ក៏ជាការរួមចំណែក ក្នុងការកាត់បន្ថយនូវភាពក្រីក្រ តាមរយៈការបង្កើតឱកាសការងារ ដើម្បីជួយលើកកម្ពស់ដល់ជីវភាពផ្ទាល់ របស់ប្រជាពលរដ្ឋ មានជាអាទិ៍ ការទទួលបានបៀវត្ស ដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ ការគាំពារសុខុមាលភាពល្អប្រសើរ និងភាពចម្រុងចម្រើនជាលំដាប់៕

To Top