ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវីតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោករដ្ឋលេខាធិការប្រចាំការ​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។

នាឱកាសនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២២ ក្រុមការចម្រុះចល័តអធិការកិច្ច ហត្ថពលកម្មបរទេស ដោយមានការដឹកនាំ សម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង និងមានការចូលរួម ពីតំណាងរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមានការចុះជាប់ពិនិត្យ តាមដានពីសំណាក់ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ៕

To Top